សេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្ដូរពីប្រទេសពឹងផ្អែកកសិកម្ម ទៅឧស្សាហកម្ម-សេវាកម្ម

15-01-2019 12:46pm

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សព្វថ្ងៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងតែផ្លាស់ប្ដូរពីប្រទេស ដែលពឹងផ្អែកវិស័យកសិកម្ម ទៅពឹងផ្អែកវិស័យឧស្សាហកម្ម-សេវាកម្ម ខណៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានព្យាករថា កម្ពុជា នៅតែរក្សាកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គឺ៧,១%។

ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោ បានថ្លែងថា ចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដូច្នេះក្នុងរយៈពេលជិត២ទស្សវត្សចុងក្រោយនេះ កម្ពុជា ទទួលបានចំណាត់ថ្នាក់ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់លំដាប់ទី៦ ក្នុងពិភពលោក ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុង១ឆ្នាំ។

សម្តេចតេជោ មានប្រសាសន៍ថា “ការរីកចម្រើនឥតឈប់ឈរលើវិស័យឧស្សាហកម្ម សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនាទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន។ ដោយឡែក រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ប្ដូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេស ដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម”

បន្ថែមពីនេះ សម្តេចបញ្ជាក់ថា អត្រានៃភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពីប្រមាណ៥៣,២% នៅឆ្នាំ២០០៤ មកត្រឹម១៣,៥% នៅឆ្នាំ២០១៤ ដូច្នេះរាជរដ្ឋាភិបាល រំពឹងទុកថា អត្រានៃភាពក្រីក្រនៅកម្ពុជា នឹងបន្ដថយចុះក្នុងរង្វង់១០% នាពេលបច្ចុប្បន្ន។ កត្តាទាំងនេះ ធ្វើឲ្យកម្ពុជា មានមហិច្ឆតាខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីឲ្យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០៕