អាមេរិក កំពុងតែដើរតាមបារាំង ធ្វើបាតុកម្មទាមទារប្រាក់ខែ អាចក្លាយជាមហាបាតុកម្ម

15-01-2019 10:58am

សហរដ្ឋអាមេរិកៈ សមាគមគ្រូបង្រៀននៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានសម្រេចផ្អាកបង្រៀនដោយនាំគ្នាដង្ហែក្បួនបាតុកម្ម ទាមទារដំឡើងប្រាក់ខែ ឲ្យបានខ្ពស់ជាងនេះ។

ការធ្វើបាតុកម្មខាងលើ មានការចូលរួមពីក្រុមគ្រូបង្រៀន ប្រមាណជាង៣០.០០០នាក់ នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែមករា បាននាំគ្នាដង្ហែក្បួន លើកបដាទាមទារដំឡើងប្រាក់ខែ ក៏ដូចទាមទារឲ្យមានការដោះស្រាយបញ្ហាមួយចំនួនផ្សេងទៀត នៅក្នុងថ្នាក់រៀន។ ក្រុមគ្រូបង្រៀននៅរដ្ឋ Los Angeles ដែលធ្វើបាតុកម្មបែបនេះ មិនធ្លាប់មាននោះទេ ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ។ ទីនេះ គឺជាទីតាំងបណ្តុះបណ្តាលធំលំដាប់ទី២ របស់អាមេរិក សម្រាប់វិស័យអប់រំ។

នេះជាបាតុកម្មរបស់ក្រុមគ្រូបង្រៀន ដែលគេដឹងថា កម្រកើតមានណាស់នៅក្នុងប្រវត្តិនៃវិស័យអប់រំរបស់អាមេរិក។ មន្ត្រីសហជីព បានបញ្ជាក់ថា សិស្សសាលាប្រមាណ៦៤០.០០០នាក់ បានតែលតោលដោយសារទៅសាលារៀន តែគ្មានគ្រូបង្រៀន។

មន្ត្រីក្នុងតំបន់ បានជួបជាមួយក្រុមបាតុករ ដែលទាមទារដំឡើងប្រាក់ខែនេះដែរ ប៉ុន្តែលទ្ធផលហាក់ដូចជាមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ។ ក្រុមគ្រូបង្រៀន បានទាមទារដំឡើងប្រាក់ខែ៦.៥ភាគរយ ប៉ុន្តែគេបានព្រមដោះស្រាយជូនតែ៦ភាគរយ។

សូមបញ្ជាក់ថា កាលថ្មីៗកន្លងនេះ ក៏មានក្រុមគ្រូបង្រៀននាំគ្នាបាតុកម្មផងដែរ នៅទូទាំងអាមេរិក ដូចជានៅក្នុងរដ្ឋ West Virginia រាលដាលទៅដល់ Kentuchy, Oklahoma និង Arizona ជាដើម៕