ក្ដៅៗ លោក ត្រាំ គំរាមកម្ទេចសេដ្ឋកិច្ចតួកគី បើសិនជាពួកគេហ៊ានវាយប្រហារ មកលើក្រុមឃើដ នៅស៊ីរី

14-01-2019 3:34pm

ស៊ីរីៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចសេដ្ឋកិច្ចតួកគី ចោល បើសិនជាពួកគេហ៊ានវាយប្រហារមកលើកងកម្លាំងឃើដ នៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការដកកងទ័ពសហរដ្ឋអាមេរិកចេញហើយនោះ។

នៅលើ Twitter ២លើក កាលពីថ្ងៃអាទិត្យ លោក ត្រាំ បាននិយាយថា លោកក៏មិនចង់ឲ្យក្រុមឃើដ ប្រកាសសង្រ្គាមជាមួយតួកគីផងដែរ។

គួរឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើសង្រ្គាមជាមួយក្រុមជីវពលឃើដ នៅតំបន់ភាគខាងជើងប្រទេសស៊ីរី ប្រឆាំងជាមួយក្រុមរដ្ឋអ៊ីស្លាម។

ទោះបីជាយ៉ាងណាក៏ដោយ តួកគី បានចាត់ទុកក្រុមអង្គភាពការពារប្រជាជន (YPG) ថា ជាក្រុមភេរវកម្ម។

ប្រធានាធិបតីតួកគី លោក រ៉េសេប តាយយីប អ៊ឺដូហ្គែន បាននិយាយយ៉ាងខឹងសម្បារពីការគាំទ្ររបស់អាមេរិក សម្រាប់ក្រុមមួយនេះ ហើយលោកបានប្តេជ្ញាចិត្តថា នឹងកម្ទេកពួកគេចោលទាំងអស់។

សេចក្តីអធិប្បាយរបស់លោក ត្រាំ កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យមានការរិះគន់បន្ថែមទៀត លើការសម្រេចចិត្តភ្លាមៗរបស់លោក ក្នុងការដកកងទ័ពសហរដ្ឋអាមេរិក ចេញពីស៊ីរី៕