ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថា ប្រឡងនាយទាហាន ជ្រើសយកអ្នកមានសមត្ថភាព ដោយគ្មានអន្តរាគមន៍ ពីអ្នកមានអំណាច

13-01-2019 11:52am

ភ្នំពេញៈ ថ្លែងនៅចំពោះមុខបេក្ខជនបេក្ខនារី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៩ បានអះអាងថា ការប្រឡងជ្រើសរើសនាយទាហាន នៅពេលព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ គឺជ្រើសរើសអ្នកដែលមានសមត្ថភាពពិតប្រាកដ ដោយគ្មានអ្នកមានអំណាច ឬអ្នកធំណាម្នាក់ ចេញមកអន្តរាគមន៍ឲ្យជាប់ជាដាច់ខាត ចំពោះបេក្ខជនមានខ្សែធំ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ បន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួន តែងតែងនិយាយថា ការប្រឡងនាយទាហាន មានការយកថវិកា ដើម្បីឲ្យបេក្ខជន និងបេក្ខនារីប្រឡងជាប់ ជាពិសេសអ្នកដែលមានខ្សែរយៈ គឺជាប់ជាស្វ័យប្រវត្តិជាដើម។

ក្នុងពិធីចាប់ផ្ដើមបើកដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ដ្រីយោធា នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងតាមបណ្ដាយោធភូមិភាគនីមួយៗ ទូទាំងប្រទេស នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ការជ្រើសរើសនាយទាហានរបស់យើងប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌។ បានន័យថាម៉េច? បានន័យថា អ្នកដែលបានជោគជ័យ ក្រោយពីកិច្ចប្រឡងមានទាំងចំណេះដឹងទូទៅ ទាំងភាសា និងកីឡា គឺអ្នកទទួលបានជោគជ័យ និងបានជ្រើសរើសយកធ្វើជាទាហាន គឺដោយសមត្ថភាពផ្ទាល់ខ្លួនរបស់យើង”

ដើម្បីឲ្យការប្រឡងទទួលបានជោគជ័យ ឧត្តមសេនីយ៍ឯក សំណូមពរបេក្ខជន ត្រូវខិតខំបញ្ចេញសមត្ថភាពរបស់ខ្លួន កុំធ្វើសកម្មភាពណាមួយ ដែលប៉ះពាល់ទៅដល់ការប្រឡង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា ការជ្រើសរើសនាយទាហានឆ្នាំ២០១៩ កើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលចំនួនកើននេះ ដោយសារការប្រឡង ពីបណ្ដាលឆ្នាំមុនៗ មានភាពសុក្រឹត យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព។

នាឱកាសនោះ ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម និងជាអនុប្រធានប្រចាំការនៃអនុគណៈកម្មការប្រឡង និងជាប្រធានមណ្ឌលប្រឡងនៅភ្នំពេញ បានឲ្យដឹងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃចំនួនប្រឡងចូលបំរើកងទ័ពច្រើនលើសលប់។ ឧត្តមសេនីយ៍ឯក យល់ថា ដោយសារ ទី១-កត្តាសន្ដិភាព, ទី២-កត្តាសេដ្ឋកិច្ច និងប្រាក់បៀវត្សកើនឡើងជារៀងរាល់ឆ្នាំ, ទី៣- បេក្ខជនមានសិទ្ធិរើសមុខជំនាញរៀនបន្ថែម និងទី៤-មានផលប្រយោជន៍ ចេញទៅសិក្សានៅក្រៅប្រទេសផងដែរ។

លោកបន្តថា “ការគិតរបស់ប្រជាពលរដ្ឋខ្មែរ គឺជាសេរីភាព ក៏ប៉ុន្ដែអ្វីដែលគណៈកម្មាធិការបានធ្វើ បាន និងកំពុងធ្វើនេះ គឺមានភាពសុក្រិត ច្បាស់លាស់ ត្រឹមត្រូវបំផុត។ កន្លងមានពាក្យថា ការប្រឡងចូលកងយោពលខេមរភូមិន្ទ នាយទាហាននៃកងយោធពលខេមរភូមិន្ទ គឺប្រឡងតាមខ្សែ និងឲ្យលុយ ខ្ញុំសូមប្រកាសថា គ្មានទាល់តែសោះ។ ខ្ញុំធានា១០០ភាគរយ ហើយបេក្ខជនបេក្ខនារីឲ្យលុយទៅបុគ្គលណាម្នាក់ គឺអ្នកនោះ គឺចាញ់បោកគេហើយ”

សូមជម្រាបថា ដើម្បីធានាដល់តម្លាភាព សុក្រឹត យុត្តិធម៌ក្នុងការប្រឡងសម្រាប់ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ រឹតបន្តឹងវិន័យប្រឡង ដោយហាមដាច់ខាតមិនឲ្យអ្នកគ្មានភារកិច្ច ចូលមណ្ឌលប្រឡងនោះឡើយ រួមទាំងមន្ត្រីយោធាពាក់ផ្កាយពីរ ឬផ្កាយបីផងដែរ។

លោក ហ៊ុន ម៉ាណែត ក៏ណែនាំដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារថ្នាក់កណ្តាល នៃអនុគណៈកម្មការប្រឡងជ្រើសរើស ក៏ដូចជាគណៈមេប្រយោគ អគានុរក្ស និងអនុរក្ស មិនឲ្យមានការអន្តរាគមន៍ និងមិនត្រូវមានមនោសញ្ចេតនាចំពោះបុគ្គល តែត្រូវមានមនោសញ្ចេតនាទូទៅ ដោយការប្រកួតប្រជែង និងត្រូវរៀបចំផែនការអនុវត្តនិតិវិធីឲ្យបានច្បាស់លាស់ និងអនុវត្តបទបញ្ជាឲ្យបានម៉ឺងម៉ាត់ នៅក្នុងការដឹកនាំ និងដំណើរការនៃការប្រឡងជ្រើសរើសនាយទាហានឆ្នាំនេះ ឲ្យមានសុក្រិតភាព និងប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសនាយទាហាន នៃកងយោពលខេមរភូមិន្ទ វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធា ឆ្នាំ២០១៩នេះ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន៨,៣៥២នាក់ ស្រី៣,២៧០នាក់ ក្នុងនោះបែងចែកជា៦មណ្ឌលទូទាំងប្រទេស ស្មើនឹង៣៥៦បន្ទប់។ ការប្រឡងនេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០១៩ ដោយ​ផ្ដោតទៅលើវិញ្ញាសាចំណេះដឹងទូទៅ ភាសាបរទេស និងវិញ្ញាសាកីឡាកាយសម្បទា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ៕