កក្រើកទៀតហើយ! តារា​ចម្រៀង​ល្បីៗ​ជិត​២០​នាក់ ត្រៀម​ចេញ​ទៅ​ច្រៀង​​​នៅ​​កូរ៉េ ឆាប់ៗ​នេះ

12-01-2019 9:11am

កម្សាន្តៈ មួយរយៈចុងក្រោយនេះ គេឃើញមានតារាកម្ពុជាល្បីៗជាច្រើន ចេញទៅសម្តែងនៅប្រទេសកូរ៉េជាបន្តបន្ទាប់ ធ្វើឲ្យពលករធ្វើការនៅកូរ៉េកាន់តែរីករាយ ហើយបានឃើញរូបរាងពិតតារាក្នុងចិត្តរបស់ពួកគេ។

ជាថ្មីម្តងទៀតយ៉ាង​តិច​មានតារា​​ចម្រៀង តារា​សម្ដែង ព្រម​ទាំង​ពិធីករ ជិត​២០​រូប ត្រូវ​បាន​លោក សុខ សៀង​ឌី ដែល​ជា​តារា​ចម្រៀង​ពលករ​ខ្មែរ​​មួយ​រូប​ និងដៃគូរម្នាក់ទៀត គឺលោក សេងគឹមឡែន ដែលជាដៃគូជំនួញដែលតស៊ូពីពលករដូចគ្នា ហើយកំពុង​តែ​ធ្វើ​ការ​​នៅ​ប្រទេស​កូរ៉េ  គ្រោង​ធានា​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិត្ត​ខាង​មុខ​នេះ ពោល​គឺ​ចំ​ពេល​​កំពុង​តែ​ធ្លាក់​ព្រឹល​ទឹក​កក​តែ​ម្ដង។

តារា​ល្បីៗទាំង​នោះ​មាន​ដូច​ជា លោក ខេម, លោក កែវ វាសនា, លោក នី រតនា, លោក ម៉ៅ ហាជី, លោក ពេជ្រ ថាណា, លោក សៅ ឧត្ដម, លោក ថែល ថៃ, កញ្ញា យូរី, កញ្ញា សួស វីហ្សា, កញ្ញា លីនដា, កញ្ញា សុធារ័ត្ន, លោក BMO, លោក ទ្រី សក្ដា PeyPeydy, លោក ម៉ាដូណា, កញ្ញា សាឡាត់ ស្រីឡាង, កញ្ញា សុភ័ក្រ កុសម៉ា និងលោក ថូមី ព្រម​ទាំង​ក្រុម​ការងារ​ជិត​១០នាក់​ថែម​ទៀត។

ការ​ប្រគំតន្ត្រី​គ្រោង​ធ្វើ​​រហូត​ដល់​ទៅ​៦ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​ទីតាំង​​២​​ដំបន់​ផ្សេង​គ្នា ទី១​-នៅ​​ដំបន់​មាត់សមុទ្រ ប៊ូសាន នៃ​ទី​ក្រុងគឺមហេ-ឆាំងវ៉ុន ក្បែរ​ព្រំប្រទល់​ប្រទេស​ជប៉ុន និង​ទី២-ធ្វើ​នៅទីក្រុង​សេអ៊ូល ដំបន់អាន់សាន់-ស៊ូវ៉ុន ដែល​តំបន់​ទាំង​២​​នោះ មាន​ពលករ​ខ្មែរ​ប្រមាណ​ជាង២ម៉ឺន​នាក់​រស់​នៅ។

តាម​ការ​បញ្ជាក់​ពី​ម្ចាស់បទ (ខ្មាសមិត្តនៅកូរ៉េ) គឺលោក លោក សុខ សៀង​ឌី គោល​បំណង​នៃ​ការ​ធ្វើក៏​ព្រោះ​តែ​មាន​ការ​សំណូមពរ​ពីបង​ប្អូន​ពលករ​ខ្មែរ​នៅ​ទី​នោះ ​ដែល​ធ្វើ​ការ​យ៉ាង​លំបាក បាន​កម្សាន្ត​សប្បាយ​លេង ចង់​ជួប​Idolដែល​ខ្លួន និង​មួយ​វិញ​ទៀត​ ក៏​ដើម្បីផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន “ភូមិ​ឋាន​សួស្ដី” ដែល​ជា​ក្រុម​អចលនទ្រព្យ​របស់​​លោក​ទើប​តែ​បើក​កាល​ពី​ពេល​ថ្មីៗ​នេះ ​ជា​មួយ​​ដៃគូ​ផ្សេង​ទៀត​​ដែល​ជា​ពលករ​ដូច​គ្នា។

តាមលោក សេង គឹមឡែន ដែលជាដៃគូរលោក សុខ សៀងឌី បានថ្លែង​ឲ្យ​ដឹង​បន្ត​ថា ដោយសារតែ​​បច្ចុប្បន្ន​ពួកលោក​រវល់​ការងារ​​នៅ​​ប្រទេស​កូរ៉េ ដូច​នេះ​កិច្ច​ការធ្វើ​កុងត្រា​ជា​មួយ​​តារា​ចម្រៀង​ទាំង​អស់​ ដែល​បាន​រៀប​​រៀង​​ខាង​លើ លោក​បាន​ឲ្យ​ដៃគូរនៅ​ស្រុក​ខ្មែរ​​ជា​អ្នក​ជួយ​ធ្វើ​កិច្ច​ការ​​ទាំង​នោះ ហើយ​គិត​មក​ដល់​ពេល​នេះ ​កុងត្រា​បាន​ធ្វើ​រួច​​រាល់​អស់​ហើយ និងកំពុង​រត់​ការ​ឯកសារ​ដាក់​ចូល​ស្ថាន​​ទូត ដើម្បី​បាន​វីសាចេញ​មក។

ដោយសារតែ​មាន​តារា​ចម្រៀង​ចូល​រួម​ច្រើន ហើយ​ការ​ប្រគំតន្ត្រី​មាន​រយៈ​ពេល​ច្រើន​ថ្ងៃ​ផង​នោះ ដូច​នេះ​ការ​ចំណាយ ​និង​ត្រូវ​​ចាយ​ច្រើន​ដូច​គ្នា។ តាម​ការ​ប៉ាន់ប្រមាណ​ លោក សុខ សៀង​ឌី  បាន​វាយ​តម្លៃ​ថា ប្រហែល​ជា​ត្រូវ​​ចំណាយ​ខ្ទង់​១០​ម៉ឺន​ដុល្លារឯណោះ។

នេះ​ជា​លើក​ទី​១​ហើយ ​ដែរលោក សុខ សៀង​ឌី ដែល​ជា​ស្គាល់​ថា តារា​ចម្រៀង​ពលករ​​​ខ្មែរ​ម្នាក់ កំពុងល្បីឈ្មោះសម្រាប់បងប្អូនពលករ រួម​និង​ក្រុម​របស់​លោកបាន​រៀប​ចំ​ការ​ប្រគំតន្ត្រី​នេះ​ឡើង។ ទោះបី​ជាវាយ​តម្លៃ​លើ​កិច្ច​ការ​ខាង​លើ ​ត្រូវ​ចំណាយ​ច្រើន​ម៉ឺន​ដុល្លារ​ក្ដី តារា​ចម្រៀង​រូប​នេះ ហាក់​មិន​បាន​​បារម្មណ៍​ឡើយ ប៉ុន្តែ​លោក​បែប​ជាសម្ដែង​​ភាព​សប្បាយ​ចិត្ត​ទៅ​វិញ ដែល​ខ្លួន​​​អាច​ធ្វើ​បាន​តាម​ការ​សំណូមពរ​ពីបងប្អូន​ពលករ​ខ្មែរ​​នៅ​ទី​នោះ។

សុខ សៀង​ឌី ​បានថ្លែង​ថា ប្រសិន​បើ​ការ​ប្រគំតន្ត្រី​​រដូវ​រងា​នេះ​ទទួល​បាន​ជោគជ័យ ​​ក្រុម​លោក និងរៀប​ចំ​ការ​កម្មវិធី​សិល្បៈ​ជា​បន្ត​បន្ទាប់​ទៀត ជា​ពិសេស អាច​និង​ឈាន​ដល់ការ​បង្កើត​ផលិតកម្ម​មួយ​សម្រាប់​ពលករ​ខ្មែរ ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ទៅ​ថ្ងៃ​អនាគត​ថែម​ទៀត​ផង៕