ចាប់​រថយន្ត និងម៉ូតូ៥គ្រឿង ក្រោយបើកបរបញ្ច្រាសផ្លូវ ម្ដុំភូមិគ្រឹះសម្ដេចតេជោ

12-01-2019 7:37am

ភ្នំពេញៈ រថយន្ត និងម៉ូតូចំនួន៥គ្រឿងទៀតហើយ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ធ្វើការផាកពិន័យតាមផ្លូវច្បាប់ ក្រោយ​បើកបញ្រ្ចាសទិសដៅចរាចរណ៍ ម្ដុំភូមិគ្រឹះសម្ដេចនាយករដ្ឋមន្រ្តី។

ការចាប់ឃាត់រថយន្ត និងម៉ូតូខាងលើនេះ ធ្វើឡើង​នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីកម្លាំងគណៈបញ្ជាការឯកភាពសហការគ្នា ចុះអនុវត្តចាប់ឃាត់យានយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង២២:០០នាទី។

ជាលទ្ធផលបានធ្វើការឃាត់ម៉ូតូចំនួន៤គ្រឿង និង​រថយន្តចំនួន១គ្រឿង។ បច្ចុប្បន្នបានប​ញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំតាមនីតិវិធីរួចរាល់ហើយ៕