ភរិយាលោក កែ​ គឹមយ៉ាន​ ផ្តល់ផ្លូវមួយខ្សែប្រវែង១៨០០ម៉ែត្រ និងចុះពិនិត្យការដ្ឋានជួ​សជុលក្តារបែន​ និងទល់ទ្រ​ប្រាសាទបន្ទាយឆ្មារ

12-01-2019 7:28am

បន្ទាយមានជ័យៈ នា​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ​លោកស្រី​ ម៉ៅ ម៉ាល័យ កែ​ គឹមយ៉ាន ប្រធានកិត្តិយសសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី​​ សុង​ ផល្លីន​ សួន​ បវរ​ បានដឹកនាំក្រុមការងារ ​ចុះបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមថ្មីមួយខ្សែប្រវែង ១៨០០ម៉ែត្រ បន្តពីផ្លូវចុះអាងជើងគ្រុះភ្ជាប់ទៅគ្រិះសំរោង(គ្រិះបុរាណ)ស្ថិតនៅចំណុ​ចក្នុងអាងជើងគ្រុះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ​ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន​ បានជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជននូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ប្រកបដោយគុណភាព​ ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើការជួយកសិករក្នុងការពង្រឹងផលិតកម្មនិងរកទីផ្សាលក់កសិផល ការបន្តដំឡើងប្រាក់ឈ្នួល​ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតព្រមទាំងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ និយោជិត ការបង្កើនប្រាក់បៀវត្យនិងប្រាក់សោធននិវត្តជូនមន្រ្តីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជននិងអតីតយុទ្ធជន ការពង្រឹកបណ្តាញផ្គត់ផ្គង់និងការបញ្ចុះថ្លៃអគ្គិសនី កសាងនូវផ្លូវថ្នល់តភ្ជាប់ពីតំបន់ទីប្រជុំជនទៅតំបន់ជនបទនិងរមណីយដ្ឋានទេសចរណ៍នានា។ល។

ជាមួយគ្នានេះ​ លោក​ស្រី ​ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យដែលបានខិតខំថែរក្សាសន្តិភាពសម្រាប់ការរីកចម្រើ​ននៅមូលដ្ឋាន​ ហេីយផ្លូវមួយខ្សែនេះ នឹងចូលរួមកាត់បន្ថយការលំបាករបស់បងប្អូននិងជួយទាក់ទាញអ្នកទេសចរណ៍ធ្វើដំណើ​រមកកាន់តំបន់នេះកាន់តែច្រើនឡើ​ងលក់ដូរកាន់តែដាច់​ ជីវភាពបងប្អូនកាន់តែប្រសើរឡើងផងដែរ។

ក្រោយពិធីបើកការដ្ឋានសាងសង់ផ្លូវបានបញ្ចប់​ លោកស្រី​​ ម៉ៅ ម៉ាល័យ កែ​ គឹម​យ៉ាន អមដំណើរដោយលោកស្រី​ សុង ផល្លីន សួន​ បវរ និងក្រុមការងារ បានអញ្ជើ​ញពិនិត្យការដ្ឋានជួសជុលក្ដារបែនខាងមុខប្រាសាទបន្ទាយឆ្មារ និងទីតាំងទល់ទ្រតំបន់ហានិភ័យក្នុងប្រាសាទបន្ទាយឆ្មារ ដើ​ម្បីឲ្យប្រាសាទដ៏ចំណាស់មួយនេះបន្តនៅត្រដែតគង់វង្សជាកេរតំ​ណែលសម្រាប់កូនចៅយើ​ងគ្រប់ជំនាន់តរៀងទៅ។

ជាទ្រនាប់ដៃ​ លោកស្រី​​ ម៉ៅ ម៉ាល័យ កែ​ គឹម​យ៉ាន​ បានផ្តល់អំណោយដល់អ្នកចូលរួមទាំងអស់នូវសារ៉ុងម្នាក់មួយផងដែរ៕