កម្លាំងការពារសណ្តាប់ធ្នាប់​ ត្រូវចេះវិភាគ វាយតម្លៃ នូវរាល់សភាពការណ៍​ និងឧបាយកលនានា ដែលប៉ុនប៉ងបំផ្លាញ ឬបង្កចលាចល

12-01-2019 4:13am

សៀមរាបៈ លោកឧត្តមសេនីយ៍ទោ​ ទិត្យ​ ណារ៉ុង​ ស្នងការនគរបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារធានាសន្តិសុខសុវត្ថិភាព​ និងសណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ​ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកនារសៀលថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៩នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តដែលពិធីនេះ មានការអញ្ជើញចូលរួមពីបណ្តាអស់ លោកឧត្តមសេនីយ៍ស្នងការរងនាយនាយរងការិយាល័យជំនាញដែលពាក់ព័ន្ធចំណុះស្នងការនិងបណ្តាអស់លោកឧត្តមសេនីយ៍លោកវរសេនីយ៍ដែលជាតំណាងអង្គភាពពាក់ព័ន្ធ្តជាច្រើនអ្នកទៀតផងដែរ ។

មានប្រសាសន៍ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ​ និងកងកម្លាំងទាំងអស់នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារធានាសន្តិសុខសុវត្ថិភាព​ និងសណ្តាប់ធ្នាប់នាពេលនោះ លោកឧត្តមសេនីយ៍ទោ​ ទិត្យ​ ណារ៉ុង​ ស្នងការនគរបាលខេត្តបានប្រសាសន៍ថា៖​ កម្លាំងដែលមានភារកិច្ចក្នុងកិច្ចការពារធានាសន្តិសុខសុវត្ថិភាព ត្រូវបង្កើនការយកចិត្តទុកដាក់សហការគ្នាឲ្យបានល្អ នៅតាមបណ្តាគោលដៅនិមួយៗក្នុងការការពារ​ និងបង្ការ ទប់ស្កាត់ បទល្មើសសំដៅ រក្សាការពារ​ និងធានាសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំនិងគណៈប្រតិភូជាន់ខ្ពស់ជាតិ​ និងអន្តរជាតិដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ សូមឲ្យកងកម្លាំងត្រូវចេះវិភាគវាយតម្លៃនូវរាល់សភាពការណ៍​ និងឧបាយកលនានាដែលប៉ុនប៉ងបំផ្លិចបំផ្លាញឬការបង្កចលាចលណាមួយដែលធ្វើឲ្យបាត់សណ្តាប់ធ្នាប់ហើយត្រូវមានវិធានការម្ចាស់ការដើម្បីវាយបកទប់ស្កាត់និងដោះស្រាយឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕