ស្រវឹងស្រា ជិះម៉ូតូឌុបគ្នាមកផ្ទះ តែជ្រុលទៅបុកម៉ូតូ VIVA បណ្ដាលឲ្យដួលរបួសធ្ងន់ និងម្ខាងទៀត របួសស្រាល នៅចាក់អង្រែក្រោម​!

12-01-2019 3:58am

ភ្នំពេញៈ សុទ្ធតែអ្នកពិសាគ្រឿងស្រវឹង ហើយបើកបរ! មានបុរសម្នាក់បានរងរបួសបាក់ជើងឆ្វេង និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តគ្លីនិកឯកជន​ដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ក្រោយពីជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យ​ដួល​ ទាំងសងខាង ។

ហេតុការណ៍នេះកើតឡើង​ កាលពីវេលាម៉ោង១០:២៥នាទីយប់ ថ្ងៃសុក្រ ទី១១​ ខែមករា​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈ PTT លើកំណាត់ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសមាឌធំម្នាក់ ទំនងជាស្រវឹងស្រា​ ដោយមានសៀតវិទ្យុទាក់ទង (ID) នៅជាប់ចង្កេះ និងបើកម៉ូតូមួយគ្រឿង ម៉ាក Suzuki VIVA ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1AQ-3977 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនធម្មតា លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរស២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាក Suzuki VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 1Z-2082 ឌុបគ្នា ធ្វើដំណើរស្របទិសគ្នាពីជើងមកត្បូង ដោយសង្ស័យពួកគាត់ស្រវឹងខ្លាំង និងបើកបរលឿនផង ក៏បានរេចង្កូតទៅបុកពីក្រោយម៉ូតូ VIVA ពណ៌ខៀវ​ ដួលទាំងសងខាង​ បណ្ដាលឲ្យបុរសម្នាក់បាក់ជើងខាងឆ្វេង​ និងម្នាក់ទៀតរងរបួសធ្ងន់ ចំណែកម្ចាស់ម៉ូតូ VIVA ពណ៌ខៀវ រងរបួសស្រាលប៉ុណ្ណោះ តែបានឈ្លោះប្រកែកជាមួយអ្នកដែលកំពុងរបួសធ្ងន់នោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ​ ចុះមកជួយមើល​ និងរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកកន្លែងកើតហេតុ​ និងទាក់ទងហៅរថយន្តសង្គ្រោះមកដឹកអ្នករបួសទៅមន្ទីរពេទ្យ។

បន្តិចក្រោយឃើញមានរថយន្តគិលានសង្គ្រោះ​គ្លីនិកឯកជនមួយគ្រឿង របស់គ្លីនិកមហានគរ បានមកដល់ដឹកអ្នករបួស​ទាំង២នាក់នោះ យកទៅសង្គ្រោះ​នៅឯមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​។ ហើយក៏បញ្ជូនទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកេតុមាលា​វិញ ។

ក្រោយកើតហេតុ កម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះទៅដល់កន្លែងកើតហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមើលជាក់ស្ដែង​ ខណៈដែលម៉ូតូទាំងពីរគ្រឿងត្រូវបានលើកចេញពីចំណុចកើតហេតុ យកមកដាក់លើចិញ្ចើមផ្លូវ​ មុនសមត្ថកិច្ចមកដល់​ទៀត ទើបសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕