នាយករដ្ឋមន្ត្រី បញ្ជាឲ្យដកចោលទាំងអស់មន្ត្រីតាមព្រំដែន ទុកតែ “គយ និងអន្តោប្រវេសន៍”

11-01-2019 10:50pm

ភ្នំពេញៈ ដើម្បីជំរុញការនាំចេញរបស់កម្ពុជា ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុង ចំពោះការអនុគ្រោះពន្ធពីអឺរ៉ុប ឬសហរដ្ឋអាមេរិកនោះ ប្រមុខរាជរដ្ឋាភិបាល បានតម្រូវឲ្យមានស្ថាប័នតែ២​ប៉ុណ្ណោះ ក្នុងការនាំចេញតាមច្រកព្រំដែនអន្តរជាតិនានា នោះគឺស្ថាប័នគយ និងនគរបាលអន្តោប្រវេសន៍ ក្រៅពីនេះ ស្ថាប័នមានសមត្ថកិច្ចផ្សេងៗទៀត ត្រូវជម្រុះចោលទាំងអស់។ ការនេះ ក៏ដើម្បីឲ្យអ្នករកស៊ីទទួលបានផលចំណែញកាន់តែច្រើនផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណជាង៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នាល្ងាចថ្ងៃទី១១ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានសម្រេចបញ្ចប់រឿងរ៉ាវមួយដ៏សំខាន់ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺចាប់ពីពេលនេះតទៅ នៅតាមច្រកព្រំដែនទាំងអស់ គឺមិនឲ្យមានផ្នែកណាផ្សេង ក្រៅតែពី “នគរបាលអន្តោប្រវេសន៍ និងគយ“ តែប៉ុណ្ណោះ។ ដោយឡែក ភ្នាក់ងារដៃៗទទៀត រួមទាំងកាំកុងត្រូល គឺត្រូវដកចេញឲ្យអស់។ ទន្ទឹមនឹងនោះ ក៏ត្រូវបញ្ចុះតម្លៃស្កែន (Scan) ទំនិញផងដែរ ដើម្បីឲ្យអ្នករកស៊ីទទួលបានផលចំណែញកាន់តែច្រើន។

សម្ដេចតេជោ ៖ “មុខមកទីនេះ ខ្ញុំបានធ្វើរឿងមួយ គឺសម្រួលដល់អ្នកនាំចេញតាមច្រកព្រំដែន។ រាល់ការនាំចេញតាមច្រកព្រំដែន សូមទុកឲ្យមានស្ថាប័នអន្តោប្រវេសន៍ និងគយតែប៉ុណ្ណោះ។ ចំណែកស្ថាប័នផ្សេងៗ ត្រូវជម្រុះចោល»

សម្តេចតេជោ នាយករដ្ឋមន្ត្រី គូសបញ្ជាក់ច្បាស់ថា ការអនុវត្តបែបនេះ គឺដើម្បីចូលរួមចំណែកក្នុងការលុបបំបាត់ភាពអសកម្មផ្សេងៗ និងអំពើរពុករលួយជាដើម និងម្យ៉ាងវិញទៀត គឺបានបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ ក្នុងការប្រកបអាជីវកម្មផងដែរ។ ទន្ទឹមនឹងនេះ គឺនឹងជួយឲ្យសេដ្ឋកិច្ចជាតិ មានដង្ហើមរស់បានដោយស្រួលទៀតផង។

ចំពោះវិធានការថ្មីនេះ សម្ដេចតេជោ ក៏បញ្ជាក់ដែរថា ដើម្បីជំរុញការនាំចេញរបស់កម្ពុជា និងដោះស្រាយការកាត់បន្ថយតម្លៃដើម ចំពោះការនាំចេញ ដោយមិនចាំបាច់ពឹងផ្អែកទាំងស្រុង ចំពោះការអនុគ្រោះពន្ធពីសហគមអឺរ៉ុប ឬក៏សហរដ្ឋអាមេរិកនោះ ពោលបើគ្មានការអនុគ្រោះពន្ធ ក៏កម្ពុជា នៅតែគ្មានបញ្ហាចំពោះការធ្វើពាណិជ្ជកម្ម៕