សម្ដេចតេជោ អំពាវនាវដល់ភាគីពាក់ព័ន្ធ ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ និងអ្នកសារព័ត៌មាន ដើរជំរិតទារប្រាក់

11-01-2019 10:19pm

ភ្នំពេញៈ ថ្លែងចំពោះមុខអ្នកសារព័ត៌មានជិត៥ពាន់នាក់ មកពីចម្រុះស្ថាប័នក្នុងប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានអំពាវនាវទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងព័ត៌មាន ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ និងអ្នកសារព័ត៌មានដើរជំរិតទារប្រាក់ ខណៈអ្នកសារព័ត៌មាន មិនមែនជាមន្ដ្រីនគរបាលឡើយ។

ក្នុងពិធីជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយអ្នកព័ត៌មាន៤,៥០០ពាន់នាក់ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ត្រូវខិតខំលុបបំបាត់ក្រុមព័ត៌មាន ដែលជំរិតទារប្រាក់។ ហើយសូមផ្ដាំណាស់ព័ត៌មានទាំងអស់ អ្នកសារព័ត៌មានមិនមែននគរបាលយុត្តិធម៌ទេ អ្នកសារព័ត៌មានគ្មានសិទ្ធិ ដើម្បីទៅនឹងដាក់ប៉ារ៉ាស់ ដើម្បីទៅនឹងចាប់ឡានគេ គឺអត់ទេ”

សម្ដេចបន្ដថា អ្នកសារព័ត៌មាន​ មិនមែនជានគរបាលយុត្តិធម៌ឡើយ ប៉ុន្ដែនាពេលកន្លងមក ក៏មានសារព័ត៌មានមួយចំនួនតូច បានបង្កបញ្ហាទាំងនេះផងដែរ។ សម្ដេចថា មានមួយប្រភេទទៀត គឺអ្នកសារព័ត៌មាន គេឲ្យលុយកុំឲ្យផ្សាយព័ត៌មាន ដូច្នេះបញ្ហាទាំងនេះ គឺខុសទៅច្បាប់។

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រីសង្ឃឹមថា “អ្នកសារព័ត៌មាននៅកម្ពុជា ត្រូវចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈព័ត៌មានក្លែងក្លាយនៅកម្ពុជា មានច្រើនណាស់”។ នាយករដ្ឋមន្ដ្រី ពន្យល់ថា ដើម្បីចូលរួមចំណែកក្នុងការបំផ្លាញចោល នូវព័ត៌មានក្លែងក្លាយ អ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានពិតចេញមកដើម្បីបន្សាបព័ត៌មានក្លែងក្លាយ គឺបាត់ដោយឯកឯង និងងាយស្រួលបំផុត។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យស្ថាប័នព័ត៌មាននៅកម្ពុជា ឲ្យមានជាភាសាបរទេស ជាពិសេសភាសាអង់គ្លេស។ សម្ដេចថា បើអានព័ត៌មានជាភាសាបរទេសនៅតាមវិទ្យុ ឬទូរទស្សន៍ គឺដើរមិនទាន់គេឡើយ គឺត្រូវមានអនឡាញ ទើបទាន់ពេលវេលា។ ក្នុងករណីនេះ សម្ដេចតេជោ ក៏បានស្នើឲ្យស្ថាប័នសារព័ត៌មាននានា រៀបចំឲ្យមានទូរទស្សន៍អនឡាញផងដែរ។

សម្ដេចបន្ដថា ប្រទេសមួយតែងតែមានសារព័ត៌មានលឿនមួយ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់គេទទួលបានព័ត៌មានគ្រប់វិនាទី។ ដូច្នេះសម្ដេចថា សារព័ត៌មានកម្ពុជា ត្រូវមានការប្រណាំងប្រជែងគ្នា ដើម្បីឲ្យព័ត៌មានលឿន និងព័ត៌មានពិត។

បញ្ហាទាំងនេះ សម្ដេចបញ្ជាក់ថា នៅកម្ពុជា ក្រសួងព័ត៌មាន គួរតែបង្កើតវគ្គបណ្ដុះបណ្ដាលផ្នែកសរសេរសារព័ត៌មាន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា និងធ្វើឲ្យធនធានចេះសរសេរព័ត៌មានគ្រប់គ្រាន់ផងដែរ ហើយការងារបណ្ដុះបណ្ដាលនេះ គឺជាអាទិភាពមុនគេ។ ប៉ុន្តែសម្ដេចតេជោ ចង់ធ្វើយ៉ាងណាឲ្យកម្ពុជា នៅតែជាប្រទេសដែលមានសេរីភាពសារព័ត៌មាន ខណៈការសរសេរព័ត៌មានមួយ មិនអាចតម្រូវចិត្តមនុស្សទាំងគ្នាឡើយ។

ដោយឡែក ឆ្លើយតបទៅនឹងគម្រោងរបស់ក្រសួងព័ត៌មាន គ្រោងបង្កើតប៉ុស្តិ៍ទូរទស្សន៍៣ ឬ៤ថ្មីបន្ថែមនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានបដិសេធមិនឲ្យបង្កើតនោះទេ។ សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា “រួចទៅទារបង្កើតទូរទស្សន៍ពីរ ឬបីអីណាទៀត អត់ទេ ខ្ញុំអត់លេងចូលទេអាហ្នឹង បង្កើតនាំតែអស់លុយ”