នាយឧត្តមសេនីយ៍ មាស សុភា ចុះជួបសំណេះសំណាលជាមួយកងកម្លាំង CMAC នៅស្រុកម៉ាឡៃ

11-01-2019 4:37pm

ព្រះវិហារៈ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ មាស​ សុភា​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស លើកិច្ចការមីន គ្រាប់មិនទាន់ផ្ទុះ​ និងការងារវិស្វកម្ម​កងយោធពលខេមរភូមិន្ទ​ អមដំណើរដោយលោក​ ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC រួមនឹងមន្ត្រីជំនាញដោះមីន និងនាយទាហានជាន់ខ្ពស់ក្នុង ខ ភ ម ជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល​ និងពិនិត្យមើលសកម្មភាពបោសសម្អាតមីន របស់កងកម្លាំងប្រតិបត្តិការបោសសម្អាតមីន ទី១ CMAC ដែលកំពុងធ្វើសកម្មភាពបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រ ភូមិខ្លាងាប់ ឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមការឲ្យដឹងពីលោក សំ វីរៈ ប្រធានកងឯកភាពបោសសម្អាតមីនទី១ របស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC ប្រចាំខេត្តបន្ទាយជ័យ បានរាយការណ៍ថា កងកម្លាំងបោសសម្អាតមីនទី១ CMAC បាននឹងកំពង់ប្រតិបត្តិការរុករកគ្រាប់មីន នឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ នៅទូទាំងខេត្តបន្ទាយជ័យ  មានចំការមីនសរុប៣៩២២កន្លែង មានផ្ទៃដី ២៥២៤២ហិកតា.ចំការមីន ដែលបោសសម្អាតរួចសរុប ២៣៣៥កន្លែង.ស្មើរនឹងផ្ទៃដី ១១៦៧៨ហិកតា.យើងនៅសល់ចំការមីនចំនួន ១៥៨៧កន្លែងស្មើរនឹងផ្ទៃដីទំហំ ១៣៥៦៤ហិកតាទៀត ដែលត្រូវបន្តបោសសម្អាត និងរុករកគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលភាគច្រើនសំបូរមានច្រើនក្នុងភូមិសាស្ត្រតំបន់ព្រំដែន ដែលរួមមានក្នុងស្រុកម៉ាឡៃ ស្រុកអូជ្រៅក្រុងប៉ោយប៉ែត្រ ស្រុកស្វាយចេក ថ្មពួក ភ្នំស្រុក ព្រះនេតព្រះ និងស្រុកបន្ទាយអំពិល។ ដោយឡែកនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនៅមានសភាពស្មុគស្មាញជាងគេ ដោយសារតំបន់នេះសំបូរព្រៃឬស្សី ។

លោក សំ វីរៈ ក៏បានបញ្ជាក់ដែរថា ដោយសារក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ កាលពីអតីតកាលក្នុងសម័យសង្គ្រាមត្រីភាគី តំបន់នេះជាតំបន់សមរភូមិក្តៅនៃជម្លោះប្រដាប់អាវុធរវាងខ្មែរនិងខ្មែរ បានធ្វើឲ្យតំបន់នេះមានគ្រាប់មីនប្រឆាំងមនុស្ស និងប្រឆាំងរថក្រោះ រួមនឹងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកប់រាយប៉ាយក្នុងដីដែលជាប្រការបង្កហានិភ័យដល់ប្រជាជនយើង ។

ក្នុងឱកាសចុះពិនិត្យមើលសកម្មភាពកំចាត់មីន ក្នុងភូមិសាស្ត្រឃុំពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាពេលនោះ នាយឧត្តមសេនីយ៍ មាស សុភា បានកោតសរសើរចំពោះស្មារតី លះបង់ខ្ពស់ ប្រកបដោយភាពគ្រោះថ្នាក់របស់កងកម្លាំងបោសសម្អាតមីនទី១ CMAC.ក្នុងតំបន់ស្រុកម៉ាឡៃ ដើម្បីរំដោះដីធ្លីជូនប្រជាពលរដ្ឋ។

លោកទេសរដ្ឋមន្រ្តី មាស សុភា បានក្រើនរំលឹកដល់បងប្អូនកងកម្លាំងដោះមីនរបស់ CMAC ក្នុងពេលប្រតិបត្តិការការងារត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងគ្រោះថ្នាក់ដោយសារការដោះមីន ដោយការធ្វេសប្រហែស។

លោក​ទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ថា ដោយសារសង្គ្រាម គឺបានបន្សល់គ្រាប់មីនគ្រប់ប្រភេទនៅក្នុងដីជាច្រើន ដែលបង្កហានិភ័យដល់អាយុជីវិតប្រជាជន ។ ជាមួយគ្នានោះដែរ លោក​ទេសរដ្ឋមន្រ្តី មាស សុភា ជំនួសមុខឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណផងដែរ ដល់អង្គការ GMAC ជប៉ុន ដែលរហូតមកបានជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតីសម្ភារៈថវិកា ជាលក្ខណៈមនុស្សធម៌ ជួយដល់សកម្មភាពបោសសម្អាតមីន  រំដោះដីធ្លីជូនប្រជាជនកម្ពុជា ព្រមទាំងបានជួយអប់រំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីភាពគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលនេះគឺជាការរួមចំណែកមួយក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន ៕