ក្រុមហ៊ុនចិន គ្រោងវិនិយោគសាងសង់ផ្លូវដែកលើអាកាស នៅកម្ពុជា

11-01-2019 3:47pm

ភ្នំពេញៈ លោក LUO LINQUAN សមាជិកគណៈកម្មាធិការ CPC នៃតំបន់ជីវឡុងប៉ បានថ្លែងថា ផ្លូវដែកលើអាកាសលើកដំបូងនៅកម្ពុជា អាចនឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា នាពេលអនាគត ដើម្បីរួមចំណែកលើកកម្ពស់វិស័យដឹកជញ្ជូន ទេសចរណ៍ និងពាណិជ្ជកម្ម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។

ក្នុងជំនួបពិភាក្សាជាមួយ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោក LUO LINQUAN មានប្រសាសន៍ថា អំពីសក្តានុពលខេត្តឆុងឈីង និងការសាងសង់ផ្លូវដែកលើអាកាស ដោយក្រុមហ៊ុន Chongqing Monorail Transit Engineering ដែលមានឯកទេសខាងវិស្វកម្ម ព្រមទាំងគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតំបន់ជីវឡុងប៉ នៃខេត្តឆុងឈីង

ជាការឆ្លើយតប រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាមគមន៍ ចំពោះប្រតិភូខេត្តឆុងឈីង ដែលមានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យផ្លូវដែកលើអាកាស ក៏ដូចជាវិស័យសក្តានុពលសំខាន់ៗមួយចំនួនទៀត។ រដ្ឋមន្ដ្រី ថា ភាគីចិន អំពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឧស្សាហកម្ម និងទេសចរណ៍។

ពាក់ព័ន្ធគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅតំបន់ជីវឡុងប៉ លោក ឈួន ដារ៉ា បានលើកឡើង ពីភាពជោគជ័យ ក្នុងការបង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន ក្វាងចូវ និងហាយនីង នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសន្យាជួយសម្របសម្រួលប្រតិភូខេត្តឆុងឈីង បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានទទួលលិខិតស្នើសុំជាផ្លូវការ ពីរដ្ឋបាលខេត្តឆុងឈីង និងមន្ទីរពាណិជ្ជកម្មរបស់ចិន៕