ចិន នឹងប្រដេញតាមក្រោយអាមេរិក ក្នុងការផលិតនាវាផ្ទុកយន្តហោះ ដើម្បីពង្រីកអំណាច គ្រប់គ្រងដែនមសុទ្រ

11-01-2019 2:04pm

ប៉េកាំងៈ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក កំពុងតែធ្វើជាម្ចាស់នៃដែនសមុទ្រទាំងឡាយនៅលើពិភពលោក ដោយសារតែក្រុមនាវាផ្ទុកយន្តហោះច្រើនគ្រឿង ដូចជាអាកាសយានដ្ឋានយោធាដ៏សំខាន់បំផុត ដែលអាចទៅកាន់គ្រប់ទិសទីជុំវិញពិភពលោក។

នៅពេលនេះដែរ ដើម្បីគ្រប់គ្រងដែនសមុទ្រ ចិនត្រូវការអាកាសយានដ្ឋានយោធាចល័ត(នាវាផ្ទុកយន្តហោះ) ជាច្រើនគ្រឿងទៀត។ រយពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានពង្រឹងកម្លាំងទាហាន ទាំងជើងទឹកជើងគោក និងជើងអាកាស ក៏ដូចជា បង្កើនការផលិតសព្វាវុធទំនើបៗជាច្រើនទៀត ពិសេស គឺសម្រាប់កម្លាំងទាហានជើងទឹក។ កាលពីឆ្នាំ២០១៨ ចិនបានធ្វើសមយុទ្ធសរុបដល់ទៅ១៨០០លើក គឺជាចំនួនយ៉ាងច្រើនមិនធ្លាប់មាន។

នៅពេលនេះដែរ កម្លាំងទាហានចិន បានដាក់គោលដៅផលិតនាវាផ្ទុយកយន្តហោះជាច្រើន បន្ថែមទៀត មិនមែនត្រឹមតែ៣គ្រឿងនោះឡើយ។ បច្ចុប្បន្ននេះ ប្រទេសចិនមាននាវាផ្ទុកយន្តហោះ ពីរគ្រឿងរួចមកហើយ ដោយមួយគ្រឿងទិញពីអ៊ុយក្រែន មកជួសជុល និងមួយគ្រឿងទៀតផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់ កំពុងសាកល្បង និងមួយគ្រឿងទៀតកំពុងតែផលិត។

ដើម្បីដើរឲ្យទាន់សហរដ្ឋអាមេរិក ចិនត្រូវការនាវាផ្ទុកយន្តហោះជាច្រើនគ្រឿងបន្ថែមទៀត មិនមែនតែ៣គ្រឿងនោះឡើយ។ បច្ចុប្បន្ន ចិននៅដើរតាមពីក្រោយយ៉ាងឆ្ងាយ បើប្រៀបធៀបអាមេរិក ដោយបច្ចុប្បន្នអាមេរិកមាននាវាផ្ទុកយន្តហោះដល់ទៅ១១គ្រឿង កំពុងតែបំពេញបេសកម្មនៅគ្រប់ទិសទី ជុំវិញពិភពលោក។

ពេលនេះ សេដ្ឋកិច្ចរបស់ចិន មានរីកចម្រើនយ៉ាងខ្លាំង ហើយក្រុមហ៊ុន Standard Chartered បានព្យាករណ៍ថា ១០ឆ្នាំខាងមុខ ចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី១ នៅលើពិភពលោក។ ដូច្នេះ ចិនចាំបាច់ត្រូវតែបង្កើនការផលិតសព្វាវុធ ដើម្បីការពារផលប្រយោជន៍ ទាំងនៅក្នុងប្រទេស និងការពារផលប្រយោជន៍របស់ចិន នៅក្រៅប្រទេស៕