ក្រុមម្ចាស់ផ្ទះអារ៉ាប់រួម យកឈ្នះក្រុមជម្រើសជាតិឥណ្ឌា ២-០ នៅ Asian Cup

11-01-2019 1:04pm

បាល់ទាត់ៈ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ក្រុមជម្រើសជាតិម្ចាស់ផ្ទះអារ៉ាប់រួម ជិតឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ នៅព្រឹត្តការណ៍បាល់ទាត់ Asian Cup ខណៈដែលគ្រូបង្វឹក Bernd Stange ត្រូវសងបរាជ័យរបស់ជម្រើសជាតិស៊ីរី ជាមួយក្រុមជម្រើសជាតិហ្សកដានី ជាមួយនឹងការក្លាយជាអ្នកចាត់ការទី២ ត្រូវបានគេបណ្តេញចេញពីការងារបង្វឹក ត្រឹមរយៈពេល៦ថ្ងៃប៉ុណ្ណោះ នៃការប្រកួតមួយនេះ។

ក្រុមជម្រើសជាតិអារ៉ាប់រួម បានបំបាក់ក្រុមជម្រើសជាតិឥណ្ឌា២-០ ប៉ុន្តែវាបែរក្លាយជារាត្រីដ៏អាប់អួរមួយទៅវិញ សម្រាប់លោក Stange វ័យ៧០ឆ្នាំ ដែលបានមើលឃើញក្រុមជម្រើសជាតិស៊ីរី ចាញ់ហ្សកដានី ០-២ ហើយត្រូវបានគេបណ្តេញចេញពីការងារចាត់ការ។

សេចក្តីថ្លែងការណ៍មួយលើទំព័រ Facebook របស់សហព័ន្ធបាល់ទាត់អារ៉ាប់ស៊ីរី បាននិយាយថា “ អង្គភាពមួយនេះ បានសម្រេចចិត្តរួចហើយថា នឹងបណ្តេញរូបលោក Bernd Stange ចេញពីតំណែងគ្រូបង្វឹក ហើយអតីតគ្រូបង្វឹក Fajr Ibrahim នឹងទទួលយកការងារសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រក្នុងពូល B ជាមួយក្រុមជម្រើសជាតិអូស្រ្តាលី” ។

សូមបញ្ជាក់ថា លោក Stange បានដើរតាមក្រោយលោក Milovan Rajevac ដែលត្រូវបានគេបណ្តេញពីការងារគ្រូបង្វឹកនៅក្រុមជម្រើសជាតិថៃ ក្រោយពីពួកគេបរាជ័យ១-៤ ជាមួយក្រុមជម្រើសជាតិឥណ្ឌា។ ប៉ុន្តែក្រុមមួយនេះ បានរស់រានវិញ ដើម្បីបំបាក់ក្រុមជម្រើសជាតិបារ៉ែន ១-០ កាលពីថ្ងៃព្រហស្បត្តិ៍៕