កីឡាករ Andy Murray ប្រកាសដកខ្លួនចេញពីព្រឹត្តការណ៍ Australian Open ទាំងទឹកភ្នែក

11-01-2019 12:05pm

វាយតឺន្នីសៈ កាលពីថ្ងៃសុក្រម្សិលមិញ កីឡាករ Andy Murray ដែលញាំញីដោយបញ្ហារបួស បានប្រកាសទាំងទឹកភ្នែកថា លោកទំនងជាអត់បានលេងនោះទេក្នុងឆ្នាំនេះ ហើយសង្ឃឹមថា នឹងវិលត្រឡប់មកវិញ នៅការប្រកួត Wimbledon ប៉ុន្តែ លោកបាននិយាយទទួលស្គាល់ថា Australian Open អាចជាការព្រឹត្តការណ៍ចុងក្រោយគេរបស់លោកក៏ថាបាន។

គួរឲ្យដឹងថា អតីតកីឡាករលំដាប់ថ្នាក់លេខ១ពិភពលោក និងជាជើងឯក Grand Slam ៣ជំនាន់ម្នាក់នេះ បានដកខ្លួនចេញពីការប្រកួត Australian Open កាលពីឆ្នាំមុនផងដែរ ដោយសារតែការវះកាត់របួសត្រកៀក ហើយលោកទើបតែវិលត្រឡប់មកវិញទេ កាលពីខែមិថុនាកន្លងទៅ នៅការប្រកួត Queen's Club ស្ថិតក្នុងទីក្រុងឡុងដ៍។

កីឡាករ Murray បានបង្ហាញខ្លួនត្រឹមតែ៤ព្រឹត្តការណ៍ប៉ុណ្ណោះ មុនពេលបញ្ចប់រដូវកាល ក្រោយការប្រកួតនៅទីក្រុង Shenzhen កាលពីខែកញ្ញា ដើម្បីផ្តោតសំខាន់លើការងារស្តារសមត្ថភាពលេងការប្រកួតរបស់លោកឡើងវិញ។

ប៉ុន្តែ លោកបានជុ្រះចេញពីការប្រកួតត្រឹមជុំទី២ នៅការវិលត្រឡប់មកវិញរបស់លោកនៅទីក្រុង Brisbane កាលពីសប្តាហ៍មុន ហើយឥឡូវនេះ លោកសុំឈប់លេងការប្រកួតកាលពីថ្ងៃព្រហស្បត្តិ៍ ក្រោយហ្វឹកហាត់បានរយៈពេល១ម៉ោងប៉ុណ្ណោះ ជាមួយកីឡាករ Novak Djokovic ។

កីឡាករស្កុតលែនម្នាក់នេះ បាននិយាយថា លោកអាចលេងមានកំណត់ ប៉ុន្តែការលេងមានកំណត់ និងការឈឺចាប់នេះ នឹងមិនអាចឲ្យលោកលេងកើត និងហ្វឹកហាត់កើតនោះទេ៕