នគរបាលក្រុងឡាស់វេហ្គាស់ ស្នើសុំគំរូ DNA ពី Ronaldo ពាក់ព័ន្ធនឹងករណីចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ

11-01-2019 11:42am

បាល់ទាត់ៈ ក្រុមនគរបាលនៅទីក្រុងឡាស់វេហ្គាស់ សហរដ្ឋអាមេរិក បានចេញដីកាមួយសម្រាប់ការពិនិត្យគំរូ DNA ពីកីឡាករ Cristiano Ronaldo ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ ជុំវិញការចោទប្រកាន់ពីបទចាប់រំលោភសេពសន្ថវៈ មកលើខ្សែប្រយុទ្ធរបស់ក្លិបយក្សអ៊ីតាលី Juventus ម្នាក់នេះ។

លោក Peter S. Christiansen គឺជាមេធាវីការពារក្តី របស់ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំម្នាក់នេះ បាននិយាយប្រាប់ BBC ថា វាគឺជា “សំណើតាមស្តង់ដារបំផុត”។

ខណៈនោះដែរ កាសែត Wall Street Journal បានរាយការណ៍ថា ដីកាមួយនេះ ត្រូវបានបញ្ជូនទៅកាន់ប្រព័ន្ធតុលាការនៅអ៊ីតាលី កាលពីពេលថ្មីៗនេះ។

គួរឲ្យដឹងថា កីឡាករ Ronaldo បានធ្វើការច្រានចោលទាំងស្រុង ចំពោះការបំពានផ្លូវភេទមកលើនាង Kathryn Mayorga នៅក្នុងសណ្ឋាគារក្រុងឡាស់វេហ្គាស់ កាលពីឆ្នាំ២០០៩។

សេចក្តីថ្លែងការណ៍របស់លោក Christiansen បានអះអាងថា “លោក Ronaldo តែងតែការពារករណីមួយនេះ ដូចអ្វីដែលលោកបានការពារនៅថ្ងៃនេះអញ្ចឹងថា អ្វីៗដែលបានកើតឡើងនៅក្នុងទីក្រុងឡាស់វេហ្គាស់ កាលពីឆ្នាំ២០០៩ គឺជារឿងព្រមព្រៀងគ្នាតាមធម្មជាតិ ហេតុដូច្នោះហើយ វាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីនោះឡើយ ចំពោះការផ្តល់ DNA ឬក៏ក្រុមនគរបាល ធ្វើសំណើប្រកបដោយស្តង់ដារបំផុត ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេ”។

ទស្សនាវដ្តីប្រចាំសប្តាហ៍អាល្លឺម៉ង់ Der Spiegel ដែលបានចុះផ្សាយរឿងនេះដំបូងគេពីការចោទប្រកាន់មកលើ Ronaldo កាលពីខែតុលាកន្លងទៅនោះ បាននិយាយថា នាង Mayorga បានធ្វើសេចក្តីរាយការណ៍មួយដល់ក្រុមនគរបាលក្រុងឡាស់វេហ្គាស់ ភ្លាមៗ ក្រោយពេលឧប្បត្តិហេតុចាប់រំលោភនោះ បានកើតឡើង៕