រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច ៖ ឆ្នាំ២០១៨ តាមការប៉ាន់ស្មាន កំណើនសេដ្ឋកិច្ចកម្ពុជា អាចមានក្នុងរង្វង់៧.៣%

11-01-2019 10:35am

ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា នៅឆ្នាំ២០១៨ តាមការប៉ាន់ស្មានជាបឋម អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់៧.៣% ដូច្នេះកំណើននេះ ទទួលបានមកពីការកើនឡើង នៃវិស័យសំណង់។

ក្នុងពិធីបិទសន្និបាទបូកសរុបការងាររបស់ក្រសួងសាធារណការ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច បានថ្លែងថា រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជា រក្សាបានស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ និងសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧.៧%។ លោកបន្តថា កម្ពុជា បានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ព្រមទាំងត្រូវបានចាត់ទុកថាជា “ខ្លាសេដ្ឋកិច្ចថ្មី នៅអាស៊ី” ក្នុងឆ្នាំ២០១៦។

លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា “ក្នុងឆ្នាំ២០១៨នេះ តាមការប៉ាន់ស្មានជាបឋម អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់៧.៣%។ កំណើនេះ ទទួលបានពីការកើនឡើងដ៏រឹងមាំនៃវិស័យសំណង់។ ការកើនឡើងជាងការរំពឹងទុកនៃវិស័យកាត់ដេរ ការងើបឡើងនៃវិស័យទេសចរណ៍ ការកើនឡើងខ្ពស់នៃវិស័យលក់ដុំ-លក់រាយ គួបផ្សំនឹងកំណើនល្អនៃវិស័យទូរគមនាគមន៍ និងដឹកជញ្ជូន”។

លោកបន្ថែមថា ឈរលើមូលដ្ឋាននៃលទ្ធផលដែលសម្រេចបានដ៏រឹងមាំខាងលើនេះ កម្ពុជា បានកំណត់បំណងប្រាថ្នារបស់ខ្លួនកាន់តែខ្ពស់ជាងមុន ក្នុងការប្រែក្លាយខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០។

ពាក់ព័ន្ធនឹងក្រសួងសាធារណការវិញ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងដែរថា ការងារសម្រាប់ឆ្នាំ២០១៩នេះ ជាឆ្នាំត្រូវជំរុញទ្វេដងក្នុងការផ្តល់សេវាសាធារណៈ ស្របតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល។

លោកបញ្ជាក់ថា ផែនការគម្រោងសំខាន់ៗ សម្រាប់ឆ្នាំ២០១៩ រួមមាន សេចក្ដីព្រាងអនុក្រឹត្យ ស្តីពីផ្លាកលេខពិសេសរថយន្ត សំដៅប្រមូលថវិកាជូនរដ្ឋ ផ្តល់ជម្រើសងាយស្រួលដល់ម្ចាស់កម្មសិទ្ធិយានយន្ត និងពង្រឹងការគ្រប់គ្រងយានយន្ត គម្រោងកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ធ្ងរឲ្យបាន៥០% ត្រឹមឆ្នាំ២០២០ និងការបង្កើតក្រុមការងារ ត្រួតពិនិត្យរថយន្តដឹកជញ្ជូនទំនិញ តាមគោលដៅកំពង់ផែស្វយ័ត ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម៕