ក្រុម​វិសាខា យកឈ្នះក្រុម RSU FC របស់ថៃ ៥ទល់០ ក្នុងជំនួបមិត្តភាពល្ងាចមិញនេះ

11-01-2019 10:05am

បាំងកកៈ ក្រុមបាល់ទាត់វិសាខា បានយកឈ្នះក្រុម RSU FC (Rangsit University Football Club) ដោយលទ្ធផល ៥-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋាន Rangsit University នាទីក្រុងបាងកក ប្រទេសថៃ កាលពីល្ងាចមិញ ដែលធ្វើឲ្យក្រុមសមាជិកលីគកំពូលកម្ពុជានេះ រក្សាបាននូវភាពខ្លាំងរបស់ខ្លួន បានទទួលជ័យជំនះ​២ប្រកួតជាប់គ្នា ក្នុង​កម្មវិធីបោះជំរំ​ហ្វឹកហាត់ ដើម្បីត្រៀមរដូវកាលថ្មី Pre-Season Tour នៅប្រទេសថៃ។

ជំនួបកម្ដៅសាច់ដុំលើកទី២ របស់វិសាខា ក្រោយវាយបកឈ្នះក្រុមខ្លាំងម៉ាឡេស៊ី PAHANG FA ៣-១ កាលពីពេលថ្មីៗនេះ វិសាខា បានបំប៉ោងសំណាញ់ទី ក្រុមម្ចាស់ផ្ទះ RSU FC ៣គ្រាប់មុន នៅតង់ទី១ ដែលធ្វើសម្រេចដោយអតីតកីឡាករប៉ូលិស ទិត្យ ឌីណា ២គ្រាប់ និងកីឡាករ ម៉ាត់ សាក់រ៉វី ១គ្រាប់។ ចូលតង់ទី២ វិសាខា បានបន្ដដាក់សម្ពាធ រហូតរកបាន ២គ្រាប់ទៀត ដោយកីឡាករ សាន បូរ៉ា និង ទូច គឹមឆាយ ដែលធ្វើឲ្យវិសាខា ទទួលបានជ័យជំនះ​ ៥-០។

បន្ទាប់ពីចប់ការប្រកួតនេះ វិសាខា មិនទាន់បញ្ចប់បេសកកម្មរបស់ខ្លួននោះទេ ដោយក្រុមសមាជិកលីគកំពូលមួយនេះ នឹងបន្ដបោះជំរំរហូតដល់ថ្ងៃទី១៨ ខែមករា ហើយនឹងមានការប្រកួតប្រមាណ ៣ប្រកួតទៀត ប៉ុន្ដែក្រុមលេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ នេះ មិនទាន់បញ្ជាក់ពីគូប្រកួតបន្ដនោះទេ៕