ក្រោយរុស្ស៊ី ធ្វើសមយុទ្ធ អាមេរិក បញ្ជូននាវាចម្បាំងទំនើបបំផុតរបស់ខ្លួន ទៅកាន់សមុទ្របាលតិច

11-01-2019 9:27am

អាមេរិកៈ នាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីល Tomahawk ត្រូវបានគេចាត់ទុកថា ជានាវាចម្បាំងទំនើបបំផុតនៅលើពិភពលោក ដែលអាចវាយប្រហារទៅកាន់គោលដៅនានានៅលើដី លើដែនសមុទ្រ និងដែនអាកាស ប្រកបដោយជោគជ័យ។

នៅពេលនេះ អាមេរិក បានបញ្ជូននាវាដ៏ទំនើបនេះ ជាមួយនឹងមីស៊ីលឆ្លងទ្វីប ដល់ទៅ៥៦ដើមប្រភេទ Tomahawk ។ នាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីល របស់កម្លាំងទាហានជើងទឹកអាមេរិក មានឈ្មោះថា «Gravely» បានឆ្ពោះទៅកាន់សមុទ្រ Baltic។

ប្រភពព័ត៌មាន បានឲ្យដឹងថា នាវា USS Gravely ជានាវាចម្បាំងទំនើបំផុត (លេខ១) របស់កម្លាំងទាហានជើងទឹកអាមេរិក ក៏ដូចជាអង្គការណាតូ ដែលបំពាក់​មីស៊ីលទំនើបៗជាច្រើន។

នាវាចម្បាំងខាងលើ ធ្លាប់ប្រឈមមុខដាក់គ្នាជាមួយនាវាចម្បាំងរបស់រុស្ស៊ី នៅសមុទ្រមេឌីទែរ៉ាណេ ដោយនាវាទាំងនោះ នៅមិនឆ្ងាយពីគ្នានោះឡើយ។ ហេតុការណ៍​ខាងលើនេះ កើតឡើងនៅពេលដែលនាវា USS Gravely អមដំណើរការពារក្រុមនាវាផ្ទុកយន្តហោះអាមេរិក ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ។

សកម្មភាព ចូលគៀកគ្នាខាងលើនេះ ត្រូវបានភាគីរុស្ស៊ី ចាត់ទុកថា ជាសកម្មភាពបង្កហេតុ ដោយចេតនាពីទាហានជើងទឹកអាមេរិក។ ចំណែកភាគីអាមេរិកវិញ ក៏បានច្រាន​ចោលការចោទប្រកាន់ខាងលើ ដោយថ្កោលទោសទៅលើទាហានរុស្ស៊ីថា ខ្វះឯកទេសនៅក្នុងការបញ្ជានាវាចម្បាំង បានបង្កើតឲ្យមានស្ថានភាពគ្រោះថ្នាក់។

កាលពីថ្ងៃទី៧ ខែមករា អាមេរិក ក៏បានបញ្ជូននាវាចម្បាំង USS Fort Mchenry ចូលទៅកាន់សមុទ្រខ្មៅផងដែរ។ នៅពេលនោះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កម្លាំងទាហានការពារបានតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ក្រុមនាវាចម្បាំងរបស់អាមេរិក។

សកម្មភាពបញ្ជូននាវាចម្បាំងទៅកាន់ដែនសមុទ្របាលតិច របស់អាមេរិក កើតឡើងក្នុងពេលរុស្ស៊ី កំពុងតែធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនសមុទ្រ ជិតប្រទេសស៊ីរី ដែលការធ្វើសមយុទ្ធរបស់រុស្ស៊ី មានដល់ទៅ៤លើក ចាប់ពីថ្ងៃទី៩ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ៕