កកស្ទះចរាចរណ៍ ជាបញ្ហាចម្បង នៅឥណ្ឌូនេស៊ី

10-01-2019 8:03pm

ឥណ្ឌូនេស៊ីៈ ពលរដ្ឋនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានការធុញថប់យ៉ាងខ្លាំង ពីបញ្ហាកកស្ទះចរារចណ៍ ដែលកើតឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។ ពលរដ្ឋបានរអ៊ូរទាំពីការមិនអើពើ ស្វែងរកដំណោះស្រាយបញ្ចប់ការកកស្ទះ ។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការកកស្ទះចរាចរណ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានធ្វើឲ្យខាតបង់ទឹកប្រាក់៤,៦ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ហើយនឹងមានការកើនឡើងជាបន្តទៀត ប្រសិនបើគ្មានវិធានការសោះស្រាយទេនោះ ។

ទីក្រុងហ្សាកាតា មានភាពល្បីល្បាញ់ពីការកកស្ទះចរាចរណ៍លំដាប់ពិភពលោក ហើយការកកស្ទះនោះ បង្កឲ្យមានការខាតបង់គិតជាទឹកប្រាក់រហូតដល់៤,៦ពាន់លានដុល្លារអាមេរិក ។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានចេញបញ្ជាឲ្យមន្ត្រីទទួលបន្ទុក ចាត់វិធានការជាបន្ទាន់ដោះស្រាយបញ្ហាស្ទះចរាចរណ៍នៅក្នុងទីក្រុង ។ ភាគច្រើនការកកស្ទះ ស្ថិតនៅតំបន់ Greater ក្នុងទីក្រុងហ្សាកាតា ។

ប្រធានាធិបតី បានស្នើដល់រដ្ឋមន្ត្រី អនុវត្តនូវជំហានចំាបាច់ ក្នុងនោះ មានការបង្កើនមធ្យោបាយធ្វើដំណើរសារធារណៈក្នុងគោលដៅកាត់បន្ថយការកកស្ទះ ។

នៅក្នុងសេចក្តីប្រកាសរបស់ប្រធានាធិបតី បានបញ្ជាក់ថា «យើងចាំបាច់ត្រូវតែធ្វើសកម្មភាព ទើបអ្វីៗគ្រប់យ៉ាង នឹងប្រសើរឡើង» ។ ប្រធានាធិបតីបន្តទៀតថា នៅពេលដេលបង្កើនសេវាកម្មដឹកជញ្ជូនសារធារណៈកើនឡើង ចំនួនរថយន្តធ្វើដំណើរនៅលើដងផ្លូវនឹងថយចុះជាមិនខាន ។

ទីក្រុងហ្សាកាតា បាននាំមុខលើទីក្រុងតូក្យូ ក្លាយទៅជាទីក្រុង ដែលមានពលរដ្ឋច្រើនជាងគេបំផុត នៅលើពិភពលោក នាឆ្នាំ២០៣០ ដោយមានពលរដ្ឋរហូតដល់ជាង៣៥លាននាក់ ៕