រដ្ឋលេខាធិការក្រសួងអប់រំ អំពាវនាវឲ្យពលរដ្ឋ ជួយបោះឆ្នោតគាំទ្រវីរនារីកីឡាការិនីប៉េតង់ពិភពលោក សម្រាប់ឆ្នាំ២០១៨

10-01-2019 7:54pm

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមបោះឆ្នោតគាំទ្រដល់វីរកីឡាការិនីប៉េតង់ កែ ឡេង ដែលកំពុងឈរឈ្មោះជាបេក្ខនារីប៉េតង់ឆ្នើមពិភពលោក ដើម្បីឲ្យកម្ពុជា កាន់តែល្បីសុះសាយលើផ្នែកកីឡា ។

វីរកីឡាការិនីប៉េតង់កម្ពុជាអ្នកស្រី កែ ឡេង ត្រូវបានសហព័ន្ធកីឡាប៉េតង់ពិភពលោក ជ្រើសរើស ប្រកួតប្រជែងជាបេក្ខនារីប៉េតង់ឆ្នើមពិភពលោក ដែលរៀបចំដោយសមាគមហ្គេមអន្តរជាតិពិភពលោកមានឈ្មោះថា IWGA (International Wold Game Association) ដែលត្រូវសម្រិតសម្រាំង អត្តពលិកឆ្នើម នៃកីឡាមិនអូឡាំពិកមានជាង៣០ប្រភេទកីឡា ដើម្បីដណ្តើមជ័យលាភី ពានជាកីឡាឆ្នើម សម្រាប់ឆ្នាំ២០១៨ ។

នៅក្នុងការប្រជែងនោះ អ្នកស្រី កែ ឡេង ដែលជាបេក្ខភាពនារីឆ្នើមកីឡាប៉េតង់កម្ពុជា បានឆ្លងផុតវគ្គជម្រុះជុំទី១ហើយ ដោយវគ្គទី២ ដែលជាវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកពានកីឡាឆ្នើមអ្នកស្រី ត្រូវការសំឡេងឆ្នោតគាំទ្រច្រើន ដើម្បីឈានទៅក្រសោបយកពាននោះ ជូនកម្ពុជា ។

ជាមួយគ្នានេះ ដើម្បីឲ្យសំឡេងឆ្នោតគាំទ្រដល់អ្នកស្រីកែ ឡេង មានចំនួនច្រើនអាចប្រកួតប្រជែង ជាមួយប្រភេទកីឡាផ្សេងៗ ដែលចូលរួមប្រកួតប្រជែងដែរនោះ ក្រសួងអប់រំយុវជន និងកីឡាបានធ្វើសន្និសិទសារព័ត៌មានប្រកាសអំពាវនាវ ឲ្យប្រជានជនកម្ពុជាចូលរួមបោះឆ្នោតគាំទ្រដល់បេក្ខភាពអ្នក ដើម្បីនាំយកពាននោះមកជូនកម្ពុជា ។

ក្នុងនាមរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាពលរដ្ឋខ្មែរមួយរូប លោក ស សុខា បានអំពាវនាវ ឲ្យប្រជាជនកម្ពុជាទាំងចាស់ទាំងក្មេងដែលចេះប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនចូលទៅកាន់www.theworldgames.orgបោះឆ្នោតគាំទ្រអ្នកស្រី កែ ឡេង បេក្ខភាពកីឡាប៉េតង់កម្ពុជា ដើម្បីបង្ហាញមទនភាពជាតិខ្មែរ និងទង់ជាតិខ្មែរលើឆាកអន្តរជាតិ ។

អ្នកស្រី កែ ឡេង អាចចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនេះបានគឺផ្អែកលើសមត្ថភាពអ្នកស្រី ដោយគិតលើស្នាដៃអ្នកស្រីដណ្តើមបានមេដាយមាសពិភពលោកកាលពីឆ្នាំ២០១៣លើវិញ្ញាសាវាយយកពិន្ទុ នៅប្រទេសបារាំង. មេដាយមាសពិភពលោក ឆ្នាំ២០១៥ លើវិញ្ញាសាវាយយកពិន្ទុនៅប្រទេសថៃ .មេដាយមាសពិភពលោកឆ្នាំ២០១៧ វិញ្ញាសាវាយយកពិន្ទុនៅសាធារណៈរដ្ឋចិន និងក្នុងឆ្នាំ២០១៨ដណ្តើមបានពានរង្វាន់លេខ១លើវិញ្ញាសាប្រកួត២ទល់និង២ និងប្រកួត៣ទល់និង៣ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ប្រទេសខ្លាំងៗលើពិភពលោក ។

វីរកីឡាការិនីប៉េតង់អ្នកស្រី កែ ឡេង ដែលជាបេក្ខភាពឈរឈ្មោះជាបេក្ខនារីប៉េតង់ឆ្នើមពិភពលោកបានឆ្លងផុតការជ្រើសរើសដំណាក់កាលទី១ហើយ ដោយចូលដល់វគ្គទី២នេះអ្នកស្រីត្រូវការសំលេងគាំទ្រជាការបោះឆ្នោតជាច្រើនដើម្បីដណ្តើមជ័យលាភីជា នារីប៉េតង់ឆ្នើមពិភពលោក ដែលប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥មករាខាងមុខនេះ៕