ចង់ដឹងទេ! តើឆ្នាំ២០១៨ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនប៉ុន្មានករណី ចាប់ខ្លួនប៉ុន្មាននាក់ និងរឹបអូសគ្រឿងញៀនបានប៉ុន្មាន?

10-01-2019 7:41pm

ភ្នំពេញៈ នៅក្នុងកិច្ចប្រជុំបូកសរុបការងារ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន របស់កងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសក្នុងឆ្នាំ២០១៨ បានបង្ក្រាបចំនួន៦.៧៩២ករណី ក្នុងនោះ ឃាត់ខ្លួនជនល្មើសចំនួន១៣,៣៨៧នាក់ ( ស្រី១,០១១នាក់ ) និងអនុវត្តតាមដីកា ឃាត់ខ្លួន២១៧នាក់ ( ស្រី៩នាក់ ) ។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងកររងនគរបាលជាតិ ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

បើយោងតាមរបាយការណ៍ដែលបានបង្ហាញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងឆ្នាំ២០១៨ និងលើកទិសដៅបន្ដ ឆ្នាំ២០១៩ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងគ្រឿងញៀន ។ របាយការណ៍ដដែលបញ្ជាក់ថា ក្នុងប្រតិបតិ្តការពេញមួយឆ្នាំនេះ កម្លាំងនគរបាលទូទាំងប្រទេសរឹបអូសគ្រឿងញៀនសរុបទំងន់ ៥០៨គីឡូក្រាម ក្នុងនោះមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានចំនួន១,០១៧ករណី ឃាត់ខ្លួនជនល្មើស១,៧២៥នាក់ ស្រី២១៨នាក់ ដោយរឹបអូសថ្នាំញៀន បានចំនួន១៥៨គីឡូក្រាម ។

ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៨មន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដើម្បីរួមគ្នាបង្ការ គ្រប់គ្រង និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដាទីតាំងកម្សាន្ដផ្សេងផងដែរ ។

បន្ថែមពីនេះ មន្ដ្រីជំនាញក៏បានចុះស្រង់តាមបណ្ដាគោលដៅងាយរងគ្រោះ បទល្មើសគ្រឿងញៀន សរុបចំនួន២៩៩៧ទីតាំង ក្នុងបានធ្វើកិច្ចសន្យារួមចំនួន៩៧២ទីតាំង មិនទាន់ធ្វើកិច្ចសន្យា២០២៥ទីតាំង ។ ចំពោះម្ចាដ់ទីតាំងណាដែលមិនសហការជាមួយសមត្ថកិច្ចដើម្បីបង្ក្រាប ឬបង្កាមិនឲ្យមានបទល្មើលគ្រឿងញៀននឹងត្រូវបញ្ជូនសំណុំរឿងទៅឲ្យតុលាការសម្រេចតាមច្បាប់ ។

ខាងលើនេះ គ្រាន់តែជាការបូកសរុបរបស់សមត្ថកិច្ចនគរបាលតែលើបទល្មើសគ្រឿងញៀនប៉ុណ្ណោះ នៅមិនទាន់រាប់បញ្ជូលការបង្ក្រាបរបស់សមត្ថកិច្ចអាវុធហត្ថនៅទូទាំងប្រទេសទេ ៕