Pacquiao ផ្តោតសំខាន់លើការប្រកួតជាមួយ Broner តែមិនមែនរឿងក្លាយជាប្រធានាធិបតីហ្វីលីពីន

10-01-2019 4:13pm

ប្រដាល់ៈ កាលពីថ្ងៃពុធម្សិលមិញ កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានធ្វើការច្រានចោលទាំងស្រុង ចំពោះសេចក្តីរាយការណ៍ថា គាត់ប៉ុនប៉ងចង់បានតំណែងប្រធានាធិបតីប្រទេសមួយនេះ ដោយលោកបាននិយាយយ៉ាងទទូចថា លោកផ្តោតសំខាន់តែម្យ៉ាងគត់ លើការងារចុងក្រោយរបស់លោក នៅក្នុងអាជីពប្រដាល់។

អ្នកប្រដាល់វ័យ៤០ឆ្នាំម្នាក់នេះ ដែលបានក្លាយជាសមាជិកម្នាក់រួចទៅហើយនៅក្នុងព្រឹទ្ធសភាហ្វីលីពីននោះ បានជាប់ពាក់ព័ន្ធឥតឈប់ឈរចំពោះការឡើងដណ្តើមតំណែងប្រធានាធិបតីនាពេលអនាគត នៅក្នុងប្រទេសកំណើតរបស់លោក ជាកន្លែងដែលលោកនៅតែជាវិរៈបុរសជាតិរបស់ពួកគេនោះ។

ទោះបីជាយ៉ាងណាក៏ដោយ Pacquiao បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា លោកបានទុកការងារនយោបាយនាពេលអនាគតរបស់គាត់មួយឡែកសិនហើយ ខណៈពេលដែលលោកត្រៀមខ្លួនឡើងការពារខ្សែក្រវាត់ WBA របស់គាត់ ជាមួយកីឡាករ Adrien Broner នៅទីក្រុងឡាស់វេហ្គាស់ សហរដ្ឋអាមេរិក នាថ្ងៃទី១៩ ខែមករាខាងមុខនេះ។

លោក Pacquiao បាននិយាយប្រាប់ AFP ថា មានមនុស្សច្រើនណាស់ និយាយថា លោកអាចនឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ហ្វីលីពីន៕