ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យមានជំហានច្បាស់លាស់ មុនជំនួបកំពូលលើកទី២ រវាងលោក គីម និងលោក ត្រាំ

10-01-2019 2:52pm

សេអ៊ូលៈ នៅថ្ងៃព្រហស្បត្តិ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយថា កូរ៉េខាងជើង គួរតែបោះជំហានច្បាស់លាស់ ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ដូចជាការបោះបង់ចោលមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីទទួលបានសម្បទានសហរដ្ឋអាមេរិកមកវិញ ខណៈដែលមានភាពទាល់ច្រកពន្យារពេលនៅក្នុងកិច្ចចរចា ស្តីនុយក្លេអ៊ែររបស់ពួកគេ។

លោក មូន ជេអ៊ីន បាននិយាយផងដែរថា កូរ៉េខាងជើង ត្រូវតែស្វែងរកសម្របសម្រួលនៅក្នុងជំនួបកំពូលជាលើកទី២ រវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលលោកបានអះអាងថា វាអាចនឹងជិតកើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីដោះស្រាយស្ថានភាពទាល់ច្រករបស់ពួកគេ។

គួរឲ្យដឹងថា ទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីងតោន ពិបាកខ្លាំងណាស់ ដើម្បីស្វែងរកច្រកចេញ ថ្វីត្បិតតែមានការសន្យាដោយលោក គីម នៅក្នុងជំនួបជាប្រវត្តិសាស្រ្តរបស់លោកជាមួយលោក ត្រាំ នៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨យ៉ាងណាក្តី ដើម្បីបោះជំហានឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាង ទាមទារឲ្យទីក្រុងវ៉ាស៊ីងតោន ដកចេញទណ្ឌកម្ម ដែលបានដាក់ជូនដោយសារតែការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់ពួកគេ ហើយនិងប្រកាសបញ្ចប់សង្រ្គាមកូរ៉េឆ្នាំ១៩៥០-៥៣៕