រុស្ស៊ី ប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅសមុទ្រមេឌីទែរ៉ានេ ក្នុងខែមករានេះ

10-01-2019 2:29pm

មូស្គូៈ ដើម្បីពង្រឹងសម្ថភាពកម្លាំងទាហានជើងទឹកឲ្យកាន់តែខ្លាំង នៅដើមឆ្នាំ២០១៩នេះ រុស្ស៊ី នឹងបង្កើនការធ្វើសមយុទ្ធបាញ់គ្រាប់ពិតជាច្រើន ដោយនៅក្នុងខែមករានេះ មានសមយុទ្ធដល់ទៅ៤លើក បានឡើងគម្រោងរួចរាល់។

តាមមជ្ឈមណ្ឌលប្រកាសព័ត៌មាន ស្តីពីចរាចរណ៍ដែនអាកាសអន្តរជាតិ NOTAM បានផ្សាយថា ក្រុមនាវាចម្បាំងរបស់រុស្ស៊ី ឈរជើងនៅដែនសមុទ្រមេឌីទែរ៉ានេ នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត៤លើក នៅក្នុងខែមករា ឆ្នាំ២០១៩នេះ។

តាមការប្រកាសរបស់ NOTAM កម្លាំងទាហានរុស្ស៊ី បានស្នើដល់បណ្តាមធ្យោបាយធ្វើដំណើរនៅតាមដែនសមុទ្រខាងលើ បង្វែរទិសដៅ ដោយទាហានជើងទឹករុស្ស៊ី នឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដល់ទៅ៤លើក គឺលើកទីមួយ ចាប់ពីថ្ងៃទី៩-១០, លើកទីពីរ ថ្ងៃទី១៦-១៧, លើកទីបី ថ្ងៃទី២៣-២៤ និងលើកទី៤ នៅថ្ងៃទី៣០-៣១ ខែមករានេះ។

សមយុទ្ធនឹងត្រូវធ្វើឡើងនៅតំបន់សមុទ្រអន្តរជាតិ ស្ថិតនៅក្នុងដែនសមុទ្រមេឌីទែរ៉ានេ ជិតឆ្នេរសមុទ្រប្រទេសស៊ីរី។

ក្រសួងការពារជាតិរុស្ស៊ី តែងតែប្រកាសឲ្យបិទតំបន់មួយចំនួននៅសមុទ្រមេឌីទែរ៉ានេ ដើម្បីធ្វើសមយុទ្ធ។ កាលពីខែកញ្ញា ឆ្នាំ២០១៨ រុស្ស៊ី ក៏បានបិទផ្លូវសមុទ្រដ៏សំខាន់មួយនេះ រយៈពេល៨ថ្ងៃ ពេលទាហានជើងទឹក និងជើងអាកាសរុស្ស៊ី ធ្វើសមយុទ្ធ។

ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា រុស្ស៊ី នឹងបង្កើនការធ្វើសមយុទ្ធនៅក្នុងឆ្នាំ២០១៩នេះ ដើម្បីពង្រឹងសម្ថភាពកម្លាំងទាហាន ក្នុងការធ្វើសង្គ្រាម នៅពេលដែលទីក្រុងមូស្គូ កំពុងប្រឈមមុខជាមួយអ៊ុយក្រែន៕