ចិន គាំទ្រឲ្យមានជំនួបកំពូលជាលើកទី២ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ

10-01-2019 1:01pm

ចិនៈ សារព័ត៌មានរដ្ឋ បានរាយការណ៍ថា ក្រោយដំណើរបំពេញទស្សនកិច្ចដ៏គួរភ្ញាក់ផ្អើលទៅកាន់ប្រទេសចិន នៅពេលនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាកចេញទៅវិញ ដោយមានការគាំទ្រសម្រាប់ជំនួបកំពូលជាលើកទី២ ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

លោក ត្រាំ និងលោក គីម បានជួបគ្នាលើកដំបូង កាលពីខែមិថុនាកន្លងទៅ នៅប្រទេសសិង្ហបុរី ប៉ុន្តែដំណើរវិវត្តន៍ពាក់ព័ន្ធនឹងការរំសាយអាវុធនុយក្លេអ៊ែរ បានជាប់គាំងចាប់តាំងពីពេលនោះមក។

ប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បាននិយាយថា លោកសង្ឃឹមជឿជាក់ថា មេដឹកនាំទាំង២ នឹង “ជួបគ្នានៅពាក់កណ្តាលផ្លូវ”។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួ។

លោក ហ្ស៊ី បាននិយាយថា ចិន គាំទ្រកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ឲ្យចូលរួមកិច្ចប្រជុំកំពូល ហើយនឹងសម្រេចបានលទ្ធផល និងគាំទ្រភាគីពាក់ព័ន្ធទាំងអស់ ចូលរួមដោះស្រាយក្តីកង្វល់ស្របច្បាប់រៀងខ្លួនៗរបស់ពួកគេ តាមរយៈការជជែកពិភាក្សាគ្នា។

សូមបញ្ជាក់ថា កូរ៉េខាងជើង គឺជាប្រទេសសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់ចិន និងជាប្រទេសជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់មួយផងដែរ របស់កូរ៉េខាងជើង៕