PSG ហាលអាវដ៏គួរភ្ញាក់ផ្អើលនៅ League Cup ក្រោមថ្វីជើងរបស់ក្រុមបាតតារាង Guingamp

10-01-2019 12:36pm

បាល់ទាត់ៈ ក្រុមកំពូលតារាងដែលគ្មានប្រវត្តិចាញ់ នៅ Ligue 1 ក្នុងរដូវកាលនេះ គឺក្រុម Paris St-Germain បានហាលអាវដ៏គួរភ្ញាក់ផ្អើល នៅការប្រកួត French League Cup ពេលប៉ះជាមួយក្រុមបាតតារាង Guingamp។

ដោយបានខកខានរកគ្រាប់បាល់ម្តងរួចមកហើយ នៅដើមតង់នោះ កីឡាករ Marcus Thuram ដែលជាកូនប្រុសបង្កើតរបស់វិរបុរសបាល់ទាត់បារាំង Lilian រកបានគ្រាប់បាល់ពីការស៊ុតបាល់ប៉េណាល់ទីក្នុងម៉ោងគ្រោះថ្នាក់ បន្ថែមពីលើបាល់ប៉េណាល់របស់កីឡាករ Yeni N'Gbakoto ដើម្បីសម្រេចបានជ័យជំនះ២-១។

កីឡាករ Neymar រកបាន១គ្រាប់ឲ្យក្រុម PSG ដែលបានឈ្នះជើងឯកមួយនេះ ក្នុងរយៈពេល៥រដូវកាលចុងក្រោយនេះ។

ដោយឡែក ក្រុមត្រដាបត្រដួល Monaco របស់លោក Thirerry Henry បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុម Monaco ដែលបច្ចុប្បន្នឈរនៅលេខរៀងទី១៩បាតតារាង Ligue 1 និងមាន៥ពិន្ទុពីតំបន់សុវត្ថិភាពនោះ បានឆ្លងផុតជាមួយនឹងជ័យជំនះដោយសារការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី Shootout ៨-៧លើក្រុម Rennes ក្រោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផលស្មើ១-១៕