ព្រឹទ្ធសភា ពិនិត្យ និងឲ្យយោបល់ លើសេចក្ដីស្នើច្បាប់ចំនួន២ នៅថ្ងៃស្អែក

10-01-2019 10:09am

ភ្នំពេញៈ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់ចំនួន២ នៅស្អែកនេះ ដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាល យកច្បាប់នេះទៅអនុវត្ដន៍ជាប្រយោជន៍ដល់ប្រទេសជាតិ។

លោក​ ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសាព័ត៌មានថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១០ ខែមករានេះ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា អង្គប្រជុំបានកំណត់យកថ្ងៃទី១១ ខែមករាស្អែកនេះ ដើម្បីពិនិត្យ និងឲ្យ​យោបល់លើសេចក្ដីស្នើច្បាប់ចំនួន២។

លោក​បន្តថា ការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ គឺពិតជាមានសារសំខាន់ ដើម្បីកសាងធនធានមនុស្សពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។ ជាពិសេសការធ្វើវិសោធនកម្មច្បាប់នេះ កាន់តែមានស្គត់ភាព ច្បាប់បោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងច្បាប់បោះឆ្នោតជ្រើសតំណាងរាស្រ្ដ ដែលស្របតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

សូមបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ទាំងពីរនេះ រួមមាន ១,សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ និងទី២,សេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕