ធ្លាយរឿងចំណងស្នេហ៍ លី ច័ន្ទសីហា ឈានដល់ផ្លូវបំបែក

10-01-2019 9:56am

កម្សាន្តៈ តារាសម្តែង លី ច័ន្ទសីហា ក្រោយរៀបការបានទទួលនូវចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលកើតចេញពីសេចក្តីស្នេហ៍។ រហូតមកទល់ពេលនេះកូនស្រី លី ច័ន្ទសីហា បានចម្រើនវ័យ១ឆ្នាំ ដោយមានសុខភាពល្អ រូបរាងគួរឲ្យស្រឡាញ់ ធ្វើឲ្យម្តាយ និងលោកតាកាន់តែស្រឡាញ់ និងកាន់តែយកចិត្តទុកដាក់មើលថែទាំ។

កាលពីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ អ្នកនាង លី ច័ន្ទសីហា និងលោកឪពុកនាង លី សុខជន បានរៀបចំពិធីខួបកំណើតចៅស្រី គម្រប់១ឆ្នាំ នាភោជនីយដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរស្តុបបូកគោ ដោយមានការចូលរួមពីសិល្បករល្បីៗ និងមិត្តជិតដិត។ នាពិធីដ៏មានសេចក្តីសុខនេះ គេបែរជាមិននឹកស្មានថា បាត់វត្តមានស្វាមីរបស់នាងចំថ្ងៃសំខាន់បែបនេះនាំឲ្យម្នាក់ៗ សួរនាំរឿងស្វាមីមិនមករីករាយជាមួយច្រើនគ្រប់គ្នា។

ក្នុងឈុតសម្លៀកបំពាក់រ៉ូបពណ៌លឿង លី ច័ន្ទសីហា បានឲ្យដឹងថា នាងធ្វើពិធីឲ្យកូនស្រីរបស់នាងឈ្មោះ ច័ន្ទ លីរចនា ដោយវិវត្តន៍វ័យ១ឆ្នាំទៅហើយ។ ចំពោះរឿងស្វាមីមិនមានវត្តមានដោយសារជាប់នៅខេត្ត ប៉ុន្តែកម្មវិធីនៅតែប្រព្រឹត្តទៅតាមធម្មតា។

លី ច័ន្ទសីហា បានឲ្យដឹងទៀតថា នាងរៀបចំកម្មវិធីក្រៅពីលើករាស៊ីឲ្យកូន ក៏ចង់បង្ហាញដល់មិត្តសិល្បករ និងអ្នកស្គាល់ទាំងអស់ បានដឹងថា នាងទើបតែសម្រេចបង្កើតផលិតផលលក់ជាផ្លូវការមួយ ដែលជាមុខរបរបន្តមួយទៀត ទាក់ទងនិងរបស់ប្រើនៅលើដងខ្លួនដូចជាសាប៊ូដុះខ្លួនជាដើម។

តារាដែលចាប់អាជីពសិល្បៈតាំងពីវ័យកុមារភាពរូបនេះ បានឲ្យដឹងទៀតថា ដូចបងប្អូនបានដឹងហើយថា ក្រៅពីមុខរបរអជីពសម្អាងការ នាងបានសហការជាមួយបងប្អូនលក់ដីឡត៍ម្តុំភ្នំរាបដោយចង់បង្កើនចំណូលបន្តទៀត ដូចនេះនាងចាត់ទុកថា ជាបទពិសោធន៍ថ្មីៗ ក្នុងមុខអាជីពខុសសិល្បៈ ដែលតម្រូវឲ្យនាងត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាព។

មើលទៅ លី ច័ន្ទ​សីហា ពិតជា​ខំប្រឹង​នៅក្នុង​អាជីព​ថ្មី​នេះ​ខ្លាំងណាស់ ដោយ​នាង​មិន​ខ្លាច​ស្ថិតនៅក្រោម​ពន្លឺ​ថ្ងៃ​ក្តៅហែង​នោះទេ នាង​នៅតែ​ឆ្លៀត​ពេលវេលា ចុះទៅ​មើល​ផ្ទាល់​តែម្តង។ ជំហាន​ដំបូង​នេះ លី ច័ន្ទ​សីហា នៅ​ពុំទាន់​បង្ហាញ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នៅឡើយ​ទេ ដោយសារ​នាង​នៅ​ពុំទាន់​មាន​បទពិសោធ​នៅក្នុងការងារ​រកស៊ី​នេះ​នៅឡើយ​ទេ បើ​ជោគជ័យ នាង​គ្រោង​នឹង​រៀបចំ​ពិធី​ដែលមាន​លក្ខណៈ​ធំដុំ​ឲ្យ​គ្រប់គ្នា​បានដឹង​តែម្តង។

នាងទម្លាយថា បានបែកបាក់ប្តីជាង១ឆ្នាំ ដោយសារហេតុផលកែប្រែលែងបានតាំងពីពពោះ៥ខែ ហើយអតីតស្វាមីនាងគេមានប្រពន្ធមានកូនក្នុងពោះ៦ខែ នាងមិនចង់បើកកកាយរឿងស្នេហាអតីតកាលគ្មានស្រីណាចង់ ហើយនាងរីករាយចិញ្ចឹមកូនមួយនេះ ដោយបែកគ្នាចេញដោយតុលាការនាងសុំតែកូនមកចិញ្ចឹមប៉ុណ្ណោះ៕