សំណុំរឿងអតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ និង ឡាយ ណារិទ្ធ សម្លាប់ស្រីកំណាន់ ចេវ សុវឌ្ឍនា តុលាការកាត់ទោសថ្ងៃ២៣មករា

09-01-2019 7:48pm

ភ្នំពេញៈ ប្រភពព័តិមានច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ខាងមុខ ក្រុមប្រឹក្សាជំនុំជំរះតុលាការ នឹងលើកយកសំណុំឃាតកម្មលើនារីដ៏ស្រស់ស្អាតផូផង់មានជាប់ពាក់ព័ន្ធនឹងបងប្អូនអតីតអភិបាលខេត្តតាកែវ គឺលោក ឡាយ វណ្ណៈ និងអតីតស្នងការរងខេត្តតាកែវ លោក ឡាយ ណារិទ្ធ មកបើកសវនាការជាសាធារណៈ នៅចំពោះមុខជនត្រូវចោទ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា រឿងក្ដីព្រហ្មទណ្ឌ ដែលត្រូវបើកសវនាការកាត់ទោសជនជាប់នេះ គឺដឹកនាំដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជំរះ ។

សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អតីតអភិបាលខែត្តតាកែវ លោក ឡាយ វណ្ណៈ និងមនុស្សបីនាក់ផ្សេងទៀត ក្នុងចំណោម៦នាក់ ពីបទឃាតកម្ម និងបទលាក់បាំងព័ត៌មាន ទាក់ទងនឹងករណីឃាតកម្ម លើមន្ត្រីរដ្ឋសភាម្នាក់ គឺលោកស្រី ចេវ សុវឌ្ឍនា ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានឲ្យដឹងនៅថ្ងៃទី៣ ខែមេសាកន្លងទៅថា ចៅក្រមសាលាដំបូង បានបើកការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌនេះឡើងវិញ ដោយចោទប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈ អតីតអភិបាលខែត្តតាកែវ និងបងប្រុសរបស់លោកឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។

មនុស្សពីរនាក់ទៀត ក៏ត្រូវជាប់ចោទពីបទលាក់បាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ គឺឈ្មោះ ម៉េន សាម៉ៃ ជាអ្នកបើកបររថយន្តឲ្យលោក ឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ជាអ្នកបម្រើក្នុងផ្ទះរបស់អ្នកស្រី ចែវ សុវឌ្ឍនា ។

លោក លី សុផាណា បញ្ជាក់ថា ព្រះរាជអាជ្ញា បានសម្រេចបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកលោក ឡាយ វណ្ណៈ ត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារប៉េហ្សី PJ ភ្នំពេញ ។

ចំណែកលោក ឡាយ ណារិទ្ធ លោក ម៉េន សាម៉ៃ និងលោក ជឹម វុធ ត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) ។ ចំណែកឯមនុស្សពីរនាក់ទៀត ឈ្មោះ ចាន់ រី ភេទស្រី និងឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យលោក ឡាយ ណារិទ្ធ តុលាការមិនចោទប្រកាន់ទេ គឺដោះលែងឲ្យទៅផ្ទះវិញ ។

យ៉ាងណា លោក លី សុផាណា មិនបានបញ្ជាក់លម្អិតពីសំណុំរឿងព្រហ្មទណ្ឌនេះថា តើមានអ្នកជាប់ពាក់ព័ន្ធឃាតកម្មនេះផ្សេងទៀត ឬយ៉ាងណានៅឡើយទេ ដោយលោកអះអាងថា សំណុំរឿងព្រហ្មទណ្ឌជាឯកសារត្រូវរក្សាការសម្ងាត់ ដែលធានាដល់កិច្ចនីតិវិធី និងប្រយោជន៍នៃការស៊ើបសួររបស់ចៅក្រម ។

លោក ឡាយ វណ្ណៈ និងបងប្រុសរបស់លោក គឺលោក ឡាយ ណារិទ្ធ អាចប្រឈមនឹងការជាប់ទោសពី១០ ទៅ១៥ឆ្នាំ បើសិនជាតុលាការរកឃើញថា អ្នកទាំងពីរ ពិតជាឃាតកសម្លាប់អ្នកស្រី ចែវ សុវឌ្ឍនា មែននោះ ។ រីឯមនុស្សពីរនាក់ទៀត ជាអ្នកបើកបរ និងអ្នកបម្រើក្នុងផ្ទះ ដែលតុលាការចោទប្រកាន់ពីបទលាក់តម្រុយនោះ អាចនឹងជាប់ទោសពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១សែន ទៅ២លានរៀល ។

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ នៅមុនពេលតុលាការចាប់ខ្លួន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក Facebook របស់លោកថា លោកមានទំនាក់ទំនស្នេហាជាមួយនឹងស្ត្រីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ប៉ុន្តែបានបដិសេធថា លោកមិនមែនជាជនដៃដល់ក្នុងរឿងឃាតកម្មនេះទេ ។

ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៣នាក់ ដំបូងឡើយត្រូវបានរកឃើញថា ស្លាប់ដោយចងក ដែលសមត្ថកិច្ចខេត្តតាកែវ អះអាងកាលពីពេលនោះថា ជនរងគ្រោះធ្វើអត្តឃាតខ្លួនឯង។ ប៉ុន្តែក្រោយការស៊ើបអង្កេតរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃ បង្ហាញថា ស្ត្រីជនរងគ្រោះ ត្រូវបានគេធ្វើឃាតទៅវិញ ទើបឈានទៅដល់ការចាប់ខ្លួនបងប្អូនអតីតអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ តែម្ដង ៕