អាកាសយានដ្ឋានទីពីរ នៅអង់គ្លេស ត្រូវផ្អាកការហោះហើរ ដោយសារ Drone

09-01-2019 7:35pm

អង់គ្លេសៈ បន្ទាបពីអាកាសយានដ្ឋាន Gatwick ធ្វើឲ្យជើងហោះហើរដល់ទៅ៧០០ជើង ត្រូវពន្យារពេល និងអ្នកដំណើរជាង១៤ម៉ឺននាក់ ជាប់គាំង បណ្តាលមកពីយន្តហោះគ្មានមនុស្សបើក (Drone)នោះ នៅពេលនេះដែរ អាកាសយានដ្ឋានមមាញឹកបំផុតនៅអឺរ៉ុប បន្តផ្អាកហោះហើរមួយទៀត ដោយសារតែ UAV ។

អាកាសយានដ្ឋានអន្តរជាតិ Heathrow ក្នុងទីក្រុងឡុងដុង ប្រទេសអង់គ្លេស បានបន្តផ្អាកហោះហើរ ក្នុងរយៈពេលជាង១ម៉ោង ក្រោយពេលប្រទះឃើញយន្តហោះគ្មានមនុស្សបើក (Drone) នៅក្នុងអាកាសយានដ្ឋាន ។ កាលពី៣សប្តាហ៍កន្លងមក ក៏មានសកម្មភាពដូចគ្នានេះ កើតឡើងនៅក្នុងអាកាសយានដ្ឋាន Gatwick ផងដែរ ។

ប៉ូលិសទីក្រុងទទួលបានព័ត៌មាន ស្តីពីយន្តហោះគ្មានមនុស្សបើក នៅអាកាសយានដ្ឋាន Heathrow ។ តាមការបញ្ជាក់ពីក្រុមអ្នកគ្រប់គ្រងអាកាសយានដ្ឋានខាងលើ បានឲ្យដឹងថា «យើងចំាបាច់ត្រូវតែបង្ខំចិត្តផ្អាករាល់ការហោះហើរទាំងអស់ ដើម្បីធានាដល់សុវត្ថិភាពអ្នកដំណើរ ។ ចំណែកការចុះចតវិញ បានធ្វើឡើងធម្មតា ។

រដ្ឋមន្ត្រីក្រសួងចរាចរណ៍អង់គ្លេស លោក Chris Grayling បានប្រកាសថា កម្លាំងទាហាននៅក្នុងប្រទេសនេះ បានដាក់ពង្រាយឧបករណ៍តាមដានយន្តហោះគ្មានមនុស្សបើក នៅអាកាសយានដ្ឋាន Heathrow ក៏ដូចជាអាកាសយានដ្ឋាន Gatwick ។

ក្នុងមួយថ្ងៃៗ អាកាសយានដ្ឋាន Heathrow ទទួលអ្នកដំណើរជាង២សែននាក់ ដោយមានក្រុមហ៊ុនហោះហើរ៨១ក្រុមហ៊ុន ចុះបញ្ជីនៅអាកាសយានដ្ឋានខាងលើ ដែលត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនមមាញឹកបំផុតនៅអឺរ៉ុប ៕