ការលក់របស់ Samsung ធ្លាក់ចុះ ជិត៣០ភាគរយ

09-01-2019 3:32pm

ប្រាក់ចំណុលពីការលក់ របស់ក្រុមហ៊ុន Samsung មានការធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ ២៩ភាគរយ។ ការធ្លាក់ចុះដោយសារតែ ការបញ្ជាទិញបន្ទះផ្ទាំងឈីប ក៏ដូចទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន មានការធ្លាក់ចុះ នៅក្នុងត្រីមាសនេះ បើប្រៀបធៀបអំឡុងពេលដូចគ្នា កាលពីពេលកន្លងមក។

ក្រុមហ៊ុនSamsung បានបញ្ជាក់ថា ខ្លួនបានទម្លាក់ចុះ២៩ភាគរយ ប្រាក់ចំណូលរកបាន ក្នុងរយៈពេលដូចគ្នាកាលឆ្នាំ២០១៨ ដែលមានដល់៩.៧ពាន់លានដុល្លារអាមេរិក។ មូលហេតុទម្លាក់ចុះអំពីប្រាក់ចំណូលនេះ ដោយសារថា ការបញ្ជាទិញ ទូរស័ព្ទស្មាតហ្វូន ក៏ដូចផ្ទាំងបន្ទះឈីប របស់ Samsung មានការធ្លាក់ចុះ។

ក្រុមហ៊ុន Samsung មានគូប្រជែងដ៏សំខាន់ចំនួនពីរ គឺក្រុមហ៊ុន អែបផល (Apple) និងក្រុមហ៊ុនក្នុងប្រទេសចិន។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុនSamsung បានប្រកាសថា ការរកប្រាក់ចំណូលរបស់ខ្លួនសម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០១៩ មិនល្អប្រសើរនោះទេ ដោយជួបនូវស្ថានការលំបាក។ តាមការព្យាករណ៍ ប្រាក់ចំណូលនឹងធ្លាក់ចុះប្រហែល១១ភាគរយ។

ក្នុងឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Samsung រកប្រាក់ចំណូលកើនឡើង ដោយសារការបញ្ជាទិញបន្ទះផ្ទាំងឈីប។ ប៉ុន្តែបច្ចុប្បន្ន ការបញ្ជាទិញពីប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់របស់ខ្លួននោះមានការធ្លាក់ចុះយ៉ាងគំហុក។

កាលពីសប្តាហ៍មុនផងដែរ ក្រុមហ៊ុន អែបផល បានព្រមានអំពីការលក់ចេញរបស់ខ្លួនមានសភាពនៅទ្រឹង គ្មានសន្ទុះកើនឡើងនោះទេ ដោយសារមូលហេតុ បញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសចិន៕