ប្រតិភូពាណិជ្ជកម្មអាមេរិក-ចិន ជួបគ្នានៅទីក្រុងប៉េកាំង ចូលរួមកិច្ចប្រជុំបញ្ចប់ការងារ លើបញ្ហាសង្គ្រាមពាណិជ្ជកម្ម

09-01-2019 2:02pm

ប៉េកាំងៈ ក្រុមមន្រ្តីសហរដ្ឋអាមេរិក បាននិយាយថា គណៈប្រតិភូពាណិជ្ជកម្មសហរដ្ឋអាមេរិក កំពុងមាននូវជំនួបបញ្ចប់ការងារជាមួយក្រុមមន្រ្តីចិន ហើយនឹងវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ នៅល្ងាចថ្ងៃពុធនេះ ក្រោយជំនួបរយៈពេល២ថ្ងៃ ទំនងជាលេចចេញជាផ្លែផ្ការួចមកនោះ។

ផ្សារភាគហ៊ុនអាស៊ី ចាប់ផ្តើមហក់ខ្ពស់ឡើងវិញ ក្រោយកិច្ចប្រជុំត្រូវបានបន្តដល់ថ្ងៃទី៣ ដែលមិនបានកំណត់ជាមុន ជាហេតុធ្វើឲ្យមានសុទិដ្ឋិនិយមថា ប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលទាំង២ របស់ពិភពលោក នឹងអាចរកបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបញ្ចៀសផុតពីការប្រឈមរកច្រកចេញមិនរួច ដែលនឹងធ្វើឲ្យប៉ះពាល់ និងអាក់ខានយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកលលោកនោះ។

លោក ថេដ ម៉ាកគីននី អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការកសិកម្មសម្រាប់ពាណិជ្ជកម្ម និងកិច្ចការកសិកម្មបរទេសនោះ បានធ្វើសេចក្តីអធិប្បាយដល់ក្រុមអ្នកសារព័ត៌មាន នៅឯសណ្ឋាគារ គណៈប្រតិភូសហរដ្ឋអាមេរិក។

លោកបាននិយាយ ដោយគ្មានការបរិយាយច្រើនថា លោកគិតថា ពួកគេធ្វើបានល្អ ហើយវាគឺជាលទ្ធផលល្អមួយសម្រាប់ពួកយើង។

សូមបញ្ជាក់ថា កិច្ចប្រជុំនៅក្នុងសប្តាហ៍នេះ គឺជាការជជែកដេញដោលទល់មុខគ្នាជាលើកដំបូង រវាងក្រុមមន្រ្តីសហរដ្ឋអាមេរិក និងចិន ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ហ្ស៊ី ជីនពីង បានព្រមព្រៀងគ្នា កាលពីខែធ្នូកន្លងទៅ ឲ្យការផ្អាកសង្រ្គាមពាណិជ្ជកម្ម រយៈពេល៩០ថ្ងៃ៕