លោក ខេមរិន្ទ ជា​អ្នកច្នៃ​ម៉ូដសម្លៀកបំពាក់ដ៏ចំណានមួយរូប​ ដែលតារាសិល្បៈឲ្យ​តម្លៃ

09-01-2019 11:44am

ភ្នំពេញៈ លោក ខេមរិន្ទ គឺជាអ្នកកាត់ដេរម៉ូដសម្លៀកបំពាក់ដ៏ចំណានមួយ ដែលបានឈរលើវិថីកាត់ដេរអស់ជាច្រើនឆ្នាំមកហើយ ដោយក្នុងចង្កោមសិល្បៈ និងពិភពហាងកាត់ដេរល្បីៗអ្នកណាក៏ស្គាល់រូបលោកដែរ។ ទោះជាយ៉ាងណា លោក ខេមរិន្ទ នៅតែបន្តកិច្ចការដែលស្រឡាញ់ពេញបេះដូងមួយនេះដូចពីមុន ដោយមានតារារលកក្រោយជាច្រើន ត្រូវលោកច្នៃឲ្យ​គ្រងបង្ហាញម៉ូដ។

មានតារាប្រុសស្រីជាច្រើន ត្រូវបានលោក ខេមរិន្ទ ច្នៃម៉ូដសម្លៀកបំពាក់ជូន ដោយតារាច្រើនជំនាន់មកហើយ សុទ្ធ​តែកោតសរសើរពីគំនិតច្នៃប្រឌិតរបស់លោកលើឈុតសម្លៀកបំពាក់ហូលផាមួង ឬឈុតរាត្រីស្រ​មោលសជាច្រើន។ នរណា​មិនល្បីកាលពី១០ឆ្នាំមុន នៅ​ហាង«ខេមរិន្ទកាត់ដេរ» ដោយរាប់ទាំងតារាសម្តែង ពិធីករ ពិធីការិនីជាច្រើនយកទៅស្លៀកគ្រងបង្ហាញនៅលើកញ្ចក់ទូរទស្សន៍។

បច្ចុប្បន្នលោក ខេមរិន្ទ គាត់បានច្នៃខោអាវឲ្យ​តារាបង្ហាញម៉ូដយកទៅស្លៀកដោយភាគច្រើនជាឈុតរៀបរាប់អត្ថន័យពីគុណប្រយោជន៍បរិស្ថាន ធម្មជាតិ ឬការច្នៃជាគំនិតផ្សេងៗ។ លើសពីនេះម៉ូដសម្លៀកបំពាក់ ដែលរំលេច មានទាំងយកទៅបង្ហាញម៉ូដនៅតាមវេទិកាផ្សេងៗក្នុងស្រុកនៃកម្មវិធីធំៗថ្នាក់ជាតិ រហូតដល់ក្រៅស្រុក។ អ៊ីចឹងហើយ ទើបចង្កោមសិល្បៈគេចាត់ទុកលោកជាធនធានច្នៃសម្លៀកបំពាក់ដ៏មានស្នាដៃក្នុងចំណោមអ្នកពូកែៗជាច្រើនទៀត។ បើទោះជាលោកមានការបោះជំហានលើវិស័យនេះយូរ តែចិត្តវិញមិនមានការធុញទ្រាន់ឬបោះបង់ឡើយ៕