ខ្លាំងមែន! យកឈ្មោះលោក គួច ចំរើន និងមេប៉ូលិសខេត្តត្បូងឃ្មុំ មកកាងបើកសង្វៀនជល់មាន់ នៅទន្លេបិត

08-01-2019 12:40pm

ភ្នំពេញៈ ម្ចាស់សង្វៀនជល់មាន់មួយកន្លែង ត្រូវបានគេប្រាប់ថា មានឈ្មោះ ហាន និងឈ្មោះ រ័ត្ន ជាមន្រ្តីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានយកឈ្មោះ លោក គួច ចំរើនអភិបាលខេត្តកំពង់ចាម និងលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ មកកាងទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោង នៅចំណុចព្រៃឫស្សីកប់ខ្មោច ស្ថិតក្នុងភូមិព្រែកជីក ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើឲ្យមានការរិះគន់។

អ្នកដែលញៀននឹងល្បែងជល់មាន់ បានបង្ហើបប្រាប់ថា ទីតាំងខាងលើ បើកលេងចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ចំពោះតម្លៃជល់ចាប់ពី៥០០ដុល្លារ ទៅដល់២.០០០ដុល្លារ ដោយក្នុងមួយថ្ងៃជល់ពី១៥គូ ទៅ២០គូ។ ក្រៅពីលេងជល់មាន់ ក៏មានលេងល្បែងអាប៉ោង ដោយចាក់ចាប់ពី១លាន ទៅដល់៨លានរៀល ក៏មានដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ហាន បានដើរអួតប្រាប់ថា គ្មានអ្នកណាហ៊ានចុះបង្រ្កាបទីតាំងរបស់គេទេ ព្រោះតែរូបគេមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយលោក គួច ចំរើន និងលោក បែន រ័ត្ន ហើយឈ្មោះ ហាន ចង់ចេញចូលផ្ទះលោក គួច ចំរើន ពេលណាក៏បាន ឲ្យតែរូបគេចង់ចូល។

ទោះបីជាយ៉ាងក៏ដោយ អង្គភាពសារព័ត៌មាន Cam Post មិនអាចសុំការបំភ្លឺពីលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោក បែន រ័ត្ន ស្នងការខេត្តត្បូងឃ្មុំ ចំពោះករណីឈ្មោះ ហាន និងឈ្មោះ រ័ត្ន ជាមន្រ្តីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រើឈ្មោះទៅកាងសង្វៀងជល់មាន់ និងល្បែងអាប៉ោង បាននោះទេ៕