ហេតុអ្វីបានជាមេដឹកនាំ គីម ជុងអ៊ុន ធ្វើទស្សនកិច្ចនៅប្រទេសចិន ស្ងាត់ៗ

08-01-2019 9:35am

ប៉េកាំងៈ អ្នកឯកទេសវិភាគមកពីក្រសួងការពារជាតិអាមេរិក បានលើកឡើងថា មូលហេតុដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ដោយមិនមានការគ្រោងទុក គឺជាប់ពាក់ព័ន្ធទៅនឹងកិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង ដែលបានលើកគម្រោងជាយូរណាស់មកហើយ។ ជំនួបរវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ។

សារព័ត៌មានស៊ីនហួរ បានផ្សាយនៅព្រឹកថ្ងៃទី៨ ខែមករានេះថា មេដឹកនាំកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់ប្រទេសចិន តាមការអញ្ជើញរបស់ប្រធានាធិបតី ស៊ី ជីងពីង។ នេះជាដំណើរទស្សនកិច្ចលើកទី៤ហើយ ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ចាប់តាំងពីខែមីនា ឆ្នាំ២០១៨មក។

មិនមែនជារឿងចម្លែកឡើយ ដែលមេដឹកនាំកូរ៉េខាងជើង ទៅកាន់ប្រទេសចិន ដែលជាប្រទេសអាណាព្យាបាលរបស់ខ្លួន មុនពេលជួបពិភាក្សាលើបញ្ហាសំខាន់ៗ ក្នុងទំនាក់ទំនងអន្តរជាតិ។

ដំណើរទៅកាន់ប្រទេសចិន របស់មេដឹកនាំ គីម ជុងអ៊ុន មិនខុសពីឪពុករបស់លោកឡើយ គឺធ្វើដំណើរតាមរថភ្លើង។ រថភ្លើងដឹកថ្នាក់ដឹកនាំកូរ៉េខាងជើង បានឆ្លងព្រំដែននៅវេលាម៉ោង១០និង១៥នាទីយប់ (ម៉ោងនៅក្នុងតំបន់) កាលពីថ្ងៃទី៧ ខែមករា ហើយនៅព្រឹកថ្ងៃទី៨ ខែមករានេះ វត្តមានរបស់លោក គីម ជុងអ៊ុន គឺស្ថិតនៅក្នុងប្រទេសចិន ដើម្បីជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីងពីន។

ចិន គឺជាប្រទេសសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង ដែលមានភាពជិតស្និទទាំងផ្នែកពាណិជ្ជកម្ម ការទូត និងនយោបាយ។ មេដឹកនាំកូរ៉េខាងជើង រាប់ទាំងពេលនេះទៀតផង គឺបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន៤លើកហើយៗដំណើរទស្សនកិច្ចនេះ មិនត្រូវបានប្រកាសឲ្យដឹងជាមុននោះឡើយ។

សន្តិសុខនៅតាមបន្ទាត់ព្រំដែនប្រទេសចិន Dandong មានការរឹតបន្តឹងខ្លាំង បិទផ្លូវចរាចរណ៍នៅជុំវិញស្ថានីយរថភ្លើងតែម្តង មុនពេលដែលរថភ្លើងដឹកថ្នាំដឹកនាំកូរ៉េខាងជើងឆ្លងកាត់។

ដំណើរទស្សនកិច្ចនេះ ស្របពេលដែលលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មានគម្រោងជួបពិភាក្សាជាលើកទីពីរផងដែរ ស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរ។

កាលពីឆ្នាំ២០១៧ ទីក្រុងព្យុងយ៉ាង បានសាកល្បងអាវុធនុយក្លេអ៊ែរ៦លើក និងកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លែអ៊ែរ ដែលអាចបាញ់ដល់ទឹកដីអាមេរិក។ ប៉ុន្តែតាំងពីពេលនោះមកដល់ពេលបច្ចុប្បន្ន ការបាញ់សាកល្បងបែបនេះ របស់កូរ៉េខាងជើង គ្មានទៀតនោះទេ។

ពាក់ព័ន្ធដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ប្រទេសចិន នាពេលនេះ វិមានពណ៌ខៀវកូរ៉េខាងត្បូង មិនទាន់បញ្ចេញប្រតិកម្មបែបណានៅឡើយទេ៕