ឃាត់ខ្លួនឧកញ៉ា វ៉ន ប៊ុនថៃ បានមួយដង្ហើមចង្រិត ក្រោយប្រើហិ​ង្សាលើនារីខារ៉ាអូខេ

07-01-2019 12:37pm

ភ្នំពេញៈ ប្រភពព័ត៌មានពីខេត្តកំពង់ចាម បានអោយដឹងថា ឧកញ៉ា វ៉ន ប៊ុនថៃ ដែលប្រើហិង្សាលើនារីខារ៉អូខេ “វីឡា” ត្រូវបាននគរបាលខេត្តដោះលែងអោយមានសេរីវិញហើយ កាលពីយប់មិញ។

អ្វីដែលធ្វើអោយអ្នកក្រុងកំពង់ចាមភ្ញាក់ផ្អើលនោះ គឺមុនមានការដោះលែងឧកញ៉ាស្រវឹងខួបនោះ គឺមានបញ្ជាពីមេប៉ូលិសខេត្តអោយអ្នកយាមដេញអ្នកសារព័ត៌មានចេញពីមុខស្នងការដ្ឋាននគរបាលមិនអោយចាំយកព័ត៌មានទេ។

សូមបញ្ជាក់ថា កាល​ពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៥ មក​រា ឆ្នាំ​២០១៩ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅ​ហាង​ខារ៉ាអូខេ​យីហោ​ “វីឡា” ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយសារតែ​ឧកញ៉ា​ឈ្មោះ វ៉​ន ប៊ុ​ន​ថៃ ហៅ​​ថៃ អតីត​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ​នៅ​ក្នុងស្រុក​អូរ​រាំង​ឪ ​បាន​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​បម្រើ​ខារ៉ា​អូខេ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​និង​នគរបាល បាន​ចុះ​មក​អន្តរាគមន៍​នាំ​ខ្លួនឧកញ៉ា​ទៅសួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​យប់ ក្នុង​អាកា​រៈ​ស្រវឹង​​គ្មានគូប្រៀប។

សមត្ថកិច្ចដែលចុះទៅក្រៀកឧកញ៉ាថៃពីហាងខារ៉ាអូខេបាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើងនៅ​ក្នុង​បន្ទប់​ហាង​ខារ៉ាអូខេ​លេខ ៦៦៦៦ ពេលដែលសមត្ថកិច្ចចុះទៅដល់ឃើញ​ឧកញ៉ា​ថៃ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​បន្ទប់​កើតហេតុ ហើយ​ក៏​ត្រូវ​បាន​​កម្លាំង​នគរបាល ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​ចុះ​មក​នាំ​ខ្លួន​ក្រៀក​ឱប​ពីក្រោយ​នាំ​ដាក់​​​តាម​រថយន្ត​បញ្ជូន​មក​កាន់​ស្នងការដ្ឋាននគរបាល​ខេត្ត ​ដើម្បី​សួរនាំ។

ពេលកំពុងចលាចលនោះ ក៏មាន​ក្រុម​អ្នក​សារព័ត៌មាន​ច្រើន​នាក់​ បាន​មក​តាម​ប្រមាញ់​រូបភាព​ជាក់ស្តែង​របស់​លោក​ឧកញ៉ា​ថៃ ដែលស្រវឹង​ធ្លាក់​ភ្នែក​ខាងលើ​ផង​ដែរ។

ចំណែកម្ចាស់​ហាង​ខារ៉ាអូខេ ​បាន​និយាយ​ថា ចាប់តាំងពី​បើកហាង​មក​ពុំ​ធ្លាប់​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​បែប​នេះ​ទេ មិន​ដែល​មាន​អ្នក​ថ្លើម​​ធំ​មក​អុកឡុក​ទេ គឺ​ទើប​កើតឡើង​ម្តងនេះ​ ដោយ​ឧកញ៉ា​ថៃ​ បាន​បង្ក​ហិង្សា​លើ​អ្នកបម្រើ​ជានា​រី​ភេទ​នៅ​ក្នុង​ខារ៉ាអូខេ ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​៦ មក​រា ២០១៩ តាម​ដំណឹង​ឧកញ៉ា​រូប​នោះ មិន​ត្រូវ​បាន​ដោះ​លែងឱ្យ​មាន​សេរីភាព​នៅ​ឡើយ​ទេ ដោយ​កម្លាំង​នគរបាល​ឃុំខ្លួន​ទុក​រងចាំការសម្រេចរបស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត។

ពាក់ព័ន្ធករណីនេះនារីខារ៉ាអូខេម្នាក់បាន​បំភ្លឺ​ថា ​យប់​ថ្ងៃ​កើតហេតុ​ទី​៥ មក​រា ២០១៩ ឧកញ៉ា​ថៃបាន​ចូល​មក​ផឹកស៊ី​ក្លែម​ខារ៉ាអូខេយ៉ាង​សប្បាយ​ជាមួយ​អ្នក​ហែហម​ជា​ច្រើន​នាក់។ បន្ទាប់​មក ​ដោយសារ​ឧកញ៉ា​រូប​នេះ​លូក​លាន់​ស្ទាបអង្អែល​មក​លើ​នារី​បម្រើ​ ដោយ​ប្រើ​ដៃ​រវាម​ដូច​ដៃ​មឹក ។ នាង​ថា ដោយសារ​នាង​ចេះ​តែ​រើបម្រះពីដៃ​មឹក​របស់​គាត់​ បាន​ចាប់​ទាញ​ផ្តាច់​ឡេវអាវ ធ្វើ​ឱ្យ​នាង​បាន​រត់​ចុះ​ទៅ​ជាន់​ក្រោម​បាត់។ ចំណែក​រូប​នាង​វិញ​ដែល​នៅ​ទីនោះ​ដែរ ដោយសារ​ឧកញ៉ា​រូប​នេះ​ខឹង ក៏​បាន​ចាប់​ខោក​ក្បាល​ និង​បោច​សក់​នាង អូស​បញ្ច្រាស បណ្តាល​ឲ្យ​មានការ​ឈឺចាប់​រហូត​ដល់​នាង​ស្រែកយំ ។

លោក ​ហួត វុ​ទ្ធី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មក​រា​ថា ករណី​ខាងលើ​នេះ រូប​លោក​កំពុង​តែ​ឲ្យ​កម្លាំង​នគរបាល​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​បញ្ជូន​មក​អយ្យការអមតុលាការ​ ដើម្បី​ចាត់វិធានការ​តាមនីតិវិធី ប៉ុន្តែមិនទាន់បានបញ្ជូនមកតុលាការផង គេឃុបឃិតដោះលែងបាត់ទៅហើយ៕