សម្ដេចតេជោ ថា ផលិតផលក្នុងស្រុកសរុប មានតម្លៃជាង២ម៉ឺនលានដុល្លារ នៅឆ្នាំ២០១៨

07-01-2019 11:19am

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០០ រហូតមកដល់ឆ្នាំ២០១៨ ផលិតផលក្នុងស្រុកសរុបមានតម្លៃប្រមាណជា២៤.៦០៥លានដុល្លារ ដូច្នេះរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងផ្លាស់ប្ដូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេស ដែលពឹងផ្អែកជាសំខាន់លើវិស័យឧស្សាហកម្ម និងសេវាកម្មវិញ។

ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ៧មករា ខួបលើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ សម្ដេចតេជោ បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានសមិទ្ធផលយ៉ាងធំធេង គួរជាទីមោទន ក្នុងរយៈពេលជាង២ទសវត្សចុងក្រោយ។

សម្ដេចបន្ដថា កម្ពុជា ទទួលបានចំណាត់ថ្នាក់ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតនៅលំដាប់ទី៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យមជាង៧% ក្នុង១ឆ្នាំ តាមរយៈការរីកចម្រើនក្នុងកម្រិតដ៏ខ្ពស់ជាប់មិនដាច់ នៃវិស័យឧស្សាហកម្ម កម្មន្ដសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន ។ ជាលទ្ធផល សេដ្ឋកិច្ចជាតិ បានរីកធំធាត់យ៉ាងឆាប់រហ័ស។

សម្ដេចតេជោ បន្ថែមថា ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុប បានកើនពីប្រមាណ៣.៦៤៩លានដុល្លារ នៅឆ្នាំ២០០០ ដល់ប្រមាណ២៤.៦០៥លានដុល្លារ នៅឆ្នាំ២០១៨។ រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងផ្លាស់ប្ដូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេស ដែលពឹងផ្អែកជាសំខាន់លើវិស័យ ឧស្សាហកម្ម និងសេវាកម្មវិញ

ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រី អះអាងថា ផ្លូវ ស្ពាន បណ្ដាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្ដ្រ មន្ទីរពេទ្យ សាលារៀន ត្រូវបានស្ថាបនាច្រើនពាសពេញផ្ទៃប្រទេស ជាពិសេសរោងចក្រ សហគ្រាស កសិដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប អគារខ្ពស់ ត្រូវបានកសាង និងពង្រឹកកាន់តែច្រើន ដែលបានផ្ដល់ការងារជូនប្រជាជនរាប់លាននាក់ នៅគ្រប់ទិសទី។ កម្ពុជា ក៏ត្រូវបានមជ្ឈដ្ឋានវិនិយោគិនក្នុងស្រុក ក្រៅប្រទេស និងស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិនានា វាយតម្លៃថា ជាប្រទេសដែលមានបរិយាកាសល្អសម្រាប់ការវិនិយោគ និងធុរកិច្ច។ កម្ពុជា រំពឹងថា នៅតែអាចសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ក្នុង១ឆ្នាំ និងធានាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំបន្ដទៀត។

សម្ដេចតេជោ លើកឡើងទៀតថា ជីវភាពរស់នៅរបស់ពលរដ្ឋទូទៅ ក៏ទទួលបានការកែលម្អកាន់តែប្រសើរឡើងជាលំដាប់ ។ ប្រការនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលមធ្យមសម្រាប់មនុស្សម្នាក់ពីប្រមាណ២៨៨ដុល្លារ នៅឆ្នាំ២០០០ ដល់១.៥៦៣ដុល្លារ នៅឆ្នាំ២០១៨។ អត្រានៃភាពក្រីក្រ ក៏បានធ្លាក់ចុះពីប្រមាណ៥៣.២% នៅឆ្នាំ២០០៤ មកនៅត្រឹមប្រមាណ១៣.៥% នៅឆ្នាំ២០១៤ និងត្រូវបានរំពឹងថា បន្ដថយចុះមកនៅក្នុងរង្វង់១០% នាបច្ចុប្បន្ន។

លើសពីនេះទៀត កម្ពុជា បានឆ្លងកាត់ដោយជោគជ័យពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែង ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានខ្ពស់ នៅឆ្នាំ២០៥០៕