តើលោកមេឃុំសែប ស្រុកកំពង់ត្រឡាច ស៊ីញ៉េឲ្យ​ក្រុមគ្រួសារ លក់ដីអាងស្តុបទឹក មានបានមើលច្បាប់ដែរឬទេ?

05-01-2019 8:15am

កំពង់ឆ្នាំងៈ អីយ៉ាស់មានរឿងក្តៅៗមកដល់ទៀតហើយ សម្បូរម្ល៉េះខេត្តកំពង់ឆ្នាំងខ្ញុំអើយ ប្រជាពលរដ្ឋចោទថា លោក យឿង សុផល ស៊ីញ៉េឲ្យ​ក្រុមគ្រួសារគាត់ លក់ដីមាត់អាងស្តុបទឹកខាងលើស្ពានទឹកល្អក់ ដោយខុសច្បាប់។ មន្ត្រីជំនាញ ប្រាប់ថា សប្ដាហ៍ក្រោយនេះ នឹងចុះពិនិត្យមើលចាត់វិធានការតាមផ្លូវច្បាប់ហើយ។

ចំណែកអនុក្រិតលេខ៩៨ ស្តីពីការគ្រប់គ្រងអាង ទន្លេ មាត្រាទី៨ ចែងថា ដីចំណីអាងត្រូវមានចម្ងាយពីអាងទឹក១០០ម៉ែត្រ ដីចំណីបឹងមានចម្ងាយ៥០ម៉ែត្រ ពីមាត់បឹង និងបើដីចំណីអូរវិញ ត្រូវមានចម្ងាយ ពីមាត់អូរ១០ម៉ែត្រ ពីមាត់អូរ។

បើមេឃុំសែប លោក យឿង សុផល ឲ្យ​គេបោះបង្គោលរបងលក់ដីជាប់មាត់អូរ ឬដីក្នុងបឹង ឬក្នុងអាង បែបនេះ តើ​ខុសច្បាប់ដែរទេ?។ ប្រធានមន្ទីរធនធានទឹក លោក ដោក ប៊ុនថុន បានឲ្យ​ដឹងនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី៥ មករា ២០១៩នេះថា បើ​លោកមេឃុំហ៊ានធ្វើ​ដូចករណីខាងលើនេះពិតជាខុសនិងច្បាប់ហើយ។

ពាក់ព័ន្ធនិងការចោទប្រកាន់របស់ប្រជាពលរដ្ឋខាងលើនេះ មេឃុំសែប លោក យឿងសុផលមិនអាចសុំការបំភ្លឺ​បានទេ ខណៈមិនមានលេខទូរស័ព្ទទំនាក់ទំនងនោះឡើយ៕