តារាកំប្លែងនាយ​ សាន ម៉ៅ សាច់ញាតិសម្រេចបញ្ជូនទៅព្យាបាល នៅប្រទេសថៃ

05-01-2019 7:26am

ភ្នំពេញៈ ជំងឺលោក សាន ម៉ៅ ហាក់មិនមានការធូរស្បើយសោះ​ ក្រុមគ្រួសារតារាកំប្លែងរូបនេះបានសម្រេចបញ្ចាំរថយន្ត និងប្លង់ដី​ ដើម្បីយករូបលោកទៅព្យាបាលជំងឺបន្តនៅប្រទេសថៃ។

ក្រុមគ្រួសារបស់លោកបញ្ជាក់ថា ជំងឺរបស់លោក សាន ម៉ៅ កើតមានច្រើនប្រភេទ និងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ តែដោយសារតែមិនអាចឈរមើលបាន ទើបក្រុមគ្រួសារសម្រេចបញ្ចាំរបស់របរ ដើម្បីនាំយករូបលោកចេញទៅព្យាបាលនៅប្រទេសថៃ ក្នុងក្តីសង្ឃឹមចុងក្រោយ។

បើតាមការអះអាងពីកូនស្រីរបស់នាយ សាន ម៉ៅ នឹងត្រូវបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុកអ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានឲ្យដឹងថា រហូតមកដល់ពេលនេះ​ ជំងឺលោក សាន ម៉ៅ នៅតែមិនអាចធូរស្រាលនៅឡើយទេ ពោលគឺស្ថិតក្នុងលក្ខណៈធ្ងរធ្ងរ។

នាងបញ្ជាក់ថា ឪពុករបស់ខ្លួនមាន​ជំងឺច្រើនមុខដូចជា លើសឈាម ទឹកនោមផ្អែម ជាពិសេសជំងឺសួតដ៏ធ្ងន់ធ្ងរមួយ ដែលតម្រូវឲ្យដាក់អុកហ្ស៊ីហ្ស៊ែនជាប្រចាំ។ ប្រការនេះបានធ្វើក្រុមគ្រួសារត្រូវចំណាយថវិកាយ៉ាងច្រើននៅក្នុងការព្យាបាល ដែលគិតមកដល់ពេលនេះ បានចំណាយប្រហែលជាមួយម៉ឺនដុល្លារហើយ។

បើតាមកូនស្រីនាយ សាន ម៉ៅ បើទោះបីជាត្រូវចំណាយច្រើន និងការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែតក៏ដោយ ប៉ុន្តែជំងឺឪពុកនាងហាក់មិនមានការធូរស្រាលឡើយ ដោយសារគាត់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

ទោះជាយ៉ាងណាក្រុមគ្រួសាររបស់នាង ក៏បានសម្រេចលើកចុងក្រោយនឹងត្រូវបញ្ជូនលោក  សាន ម៉ៅ ទៅបន្តការព្យាបាលនៅស្រុកអ៊ូប៊ុន ប្រទេសថៃថែមទៀត ក្នុងក្តីសង្ឃឹមចុងក្រោយ បើទោះបីជាស្ថានភាពជំងឺរបស់លោកនាពេលនេះស្ថិតក្នុងស្ថានការមួយគួរឲ្យព្រួយបារម្ភ​ក៏ដោយ។

បន្ថែមពីលើនេះព្រះតេជគុណ អ៊ឹម ជីវ៉ា តាមរយៈហ្វេសប៊ុកបានរៀបរាប់ទាំងក្ដីអាណិតអាសូរថា «អាណិតតារាកំប្លែង នាយ សានម៉ៅ ណាស់ ល្ងាចនេះអាត្មាភាព អ៊ឹម ជីវ៉ា និងព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត មេកុដិលេខ២៤ វត្តនាគវ័ន្ត បាននាំយកបច្ច័យមកជូន និងមកសួរសុខទុក្ខតារាកំប្លែង លោក ធូ ចំរ៉ុង ហៅនាយ សានម៉ៅ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយព្រឹកស្អែកគ្រួសារនាយ សាន​ ម៉ៅ និងដឹកនាយ សាន ម៉ៅ ទៅសង្រ្គោះនៅមន្ទីរពេទ្យនៅខេត្តអូប៊ុន ប្រទេសថៃហើយ សូមបុណ្យកុសលទាំងឡាយជូនដល់នាយ សានម៉ៅ ឲ្យ​រួចផុតពីគ្រោះជំងឺនេះផង៕