ដាវណ្ណ ចេន្នី ពេញក្រមុំរំពឹងមានឱកាសសម្តែងជាតួឯក!

03-01-2019 4:43pm

ភ្នំពេញៈ ប្រិយមិត្តទស្សនិកជនបានស្គាល់រួចមកហើយ តារាសម្តែងវ័យក្មេង ដាវណ្ណ ចេន្នី នាងបានតតាំងជាមួយសិល្បៈតាំងពីវ័យកុមារ ហើយលេចធ្លោជាបន្តបន្ទាប់ ដោយសារតែមានទេពកោសល្យសម្តែងមើលទៅបែបធម្មជាតិ។​ កាលពីប៉ុន្មានថ្ងៃមុននេះ នាងត្រូវបានម្តាយរៀបចំពិធីខួបកំណើត ដោយឃើញមានវត្តមានតារាល្បីមួយចំនួន ចូលរួមបង្កបរិយាកាសយ៉ាងរីករាយ។

ខួបកំណើតឆ្នាំនេះ ដាវណ្ណ ចេន្នី ចូលដល់វ័យ១៨ឆ្នាំបាត់ មានន័យថា ក្រមុំស្តូកតែម្តង។ មានការលើកឡើងថា ចេន្នី ស្អាតជាងពីមុនរាងខ្ពស់ស្រឡះ​ បើនិយាយពីភាពប៉ិ​នប្រសព្វលើការសម្តែងវិញ ចេន្នី អាចនឹងកាន់តែមានទីផ្សារក្នុងពិភពសិល្បៈ។ ត្រឹម១៨ឆ្នាំមែន ចេន្នី ក្តោបឱកាសថតភាពយន្តបានច្រើនផលិតកម្ម ច្រើនរឿង បើថៅកែកុនមួយៗវិញ អ្នកណាក៏ស្គាល់ ព្រោះក្រៅពី ចេន្នី មួយក្រុមគ្រួសារនាងសុទ្ធ​តែជាអ្នកសិល្បៈមានឈ្មោះ។

អ្នកស្រី សោភ័ណ្ឌ ជាម្តាយ ចេន្នី និងជាតារាសម្តែងដែរនោះ បានលើកឡើងថា ខួបកំណើតកូនឥតព្រៀងទុកទេ គឺមានការរៀបចំភ្លាមៗ។ យ៉ាងណាអ្នកស្រីជាម្តាយរីករាយធ្វើជូន ព្រោះកូនស្រីគេពេញវ័យ ណាមួយការងារសិល្បៈទទួលបានផលច្រើនតម្លៃទីផ្សារល្អជាងមុន ទើបមិនចាំបាច់គិតយូររឿងខួបនេះ។ បើទោះជា ចេន្នី ពេញរូបរាង តែនាងនៅមិនទាន់បានថតជាតួឯកស្រីពេញលេញនៅឡើយ ហើយអ្នកស្រីជាម្តាយក៏មិនទៅគិតរឿងនេះច្រើន គឺអាស្រ័យលើការមើលឃើញពីបណ្តាអ្នកដឹក ឬផលិតកម្ម។ អ្វីដែលសំខាន់កូនស្រីគេ នៅក្មេង តែបានសាងស្នាដៃតួអង្គច្រើននៅលើសិល្បៈ អ្នកស្រីជាម្តាយពិតជាមានមោទនភាព ដែលឃើញកូនៗបានជួយលើកស្ទួយវិស័យសិល្បៈ។

អ្នកគាំទ្រ ចេន្នី ម្នាក់ៗរំពឹងថា បន្ទាប់ពីឈានចូលវ័យពេញក្រមុំ នាងនឹងប្រែប្រួលការសម្តែងឲ្យ​កាន់តែល្អជាបន្តទៀត ដើម្បីចាប់តំណែងតួរសម្តែងមានឈ្មោះដូចតារារៀមច្បង៕