រយៈពេល៥ឆ្នាំ នៅកម្ពុជា ធនាគារ CIMB ធ្វើឲ្យ​ទ្រព្យសកម្មរបស់ខ្លួន កើនដល់ជាង៨៦៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨

03-01-2019 3:29pm

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ ធនាគារ CIMB បានអះអាងថា ដោយការរក្សាបាននូវអភិបាលកិច្ចល្អ រួមនឹងធ្វើឱ្យមានកំណើនជារៀងរាល់ឆ្នាំ ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ប្រាក់ចំណេញមុនបង់ពន្ធរបស់ធនាគារ បានកើនឡើងរហូតដល់៧ដង ពី២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ ដល់១៤លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ហើយទ្រព្យសកម្មរបស់ខ្លួនបានកើនឡើង ជាង២ដង គឺពី៣៥៣លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ រហូតដល់ ៨៦៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។

លោក ប៊ុន យីន នាយកប្រតិបត្តិរបស់ធនាគារ CIMB បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៣ មករា ឆ្នាំ២០១៩ ខណៈដែលធនាគារ CIMB ទទួលបានពានរង្វាន់ ជាធនាគារអន្តរជាតិ ល្អបំផុត នៅកម្ពុជា ដែលត្រូវបាន វាយតម្លៃ និងទទួលស្គាល់ ជាអន្តរជាតិ ពីទស្សនាវដ្តីហិរញ្ញវត្ថុ អាស៊ី ម៉ាន់នី (Asiamoney) ដ៏ល្បីល្បាញមួយនៅលើពិភពលោក។

លោក ប៊ុន យីន មានប្រសាសន៍ថា ការឈ្នះពានរង្វាន់នៅពេលនេះ គឺភស្តុតាងបញ្ជាក់ពីសក្តានុពលរបស់ធនាគារ CIMB អំពីគុណភាពសេវាកម្ម និងផលិតផល ធនាគារ ល្អប្រពៃនៅក្នុងទីផ្សារកម្ពុជា។ ភាពរីកចម្រើន ប្រកបដោយស្ថេរភាព និងសុភវិនិច្ឆ័យនេះ បានជម្រុញឲ្យមានភាពរីកចម្រើន នៃទំហំឥណទាន និងប្រាក់បញ្ញើរបស់ខ្លួន ជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំ៣២% និង ៣០% ពី២០៩លានដុល្លារអាមេរិក និង២៦៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៤ រហូតដល់ ៥៤៥លានដុល្លារអាមេរិក និង ៧០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។ ក្រៅពីនេះ ក៏រក្សាបាននូវគុណភាពនៃឥណទានគ្រប់ប្រភេទ ដែលបានផ្តល់ដល់អតិថិជន ជាមួយនឹងកម្រិតឥណទានមិនដំណើរការទាប០,១៩ ភាគរយប៉ុណ្ណោះ បើធៀបនឹងវិស័យធនាគារ ទាំងមូលមានរហូតដល់២,៤០%។

លោកប្រធានបញ្ជាក់ថា ធនាគារ CIMB ក្នុងប្រទេសកម្ពុជា បានផ្តល់ឲ្យអតិថិជនរបស់ខ្លួន នូវសេវាកម្ម និងផលិតផល ទាំងនៅក្នុងស្រុក និងឆ្លងតំបន់ ប្រកបដោយអត្ថប្រយោជន៍ខ្ពស់។ ជាមួយនឹងសេវាកម្មបណ្តាញ អេធីអិមប្រចាំតំបន់ អតិថិជនអាចដកប្រាក់នៅតាមម៉ាស៊ីនអេធីអិម ដោយឥតគិតថ្លៃ ក្នុងតំបន់អាស៊ាន ទៅតាមរូបិយបណ្ណប្រទេសនីមួយៗ ជាមួយនឹងអត្រាប្តូរប្រាក់ដ៏ល្អប្រសើរ។

ក្រៅពីនេះ អតិថិជន អាចផ្ទេរប្រាក់ឆ្លងប្រទេស កាន់តែឆាប់រហ័ស ប្រកបដោយសុវត្ថិភាពខ្ពស់ ក្នុងថ្ងៃតែមួយ ជុំវិញតំបន់អាស៊ាន។ ជាមួយនឹងភាពច្នៃប្រឌិតខ្ពស់ លើសេវាកម្ម និងផលិតផលធនាគាររបស់ខ្លួន ធនាគារ CIMB បានសម្ពោធគម្រោង HomePro ដែលឥណទានគេហដ្ឋានភ្ជាប់មកជាមួយការធានារ៉ាប់រងអាយុជីវិត មានតម្លៃរហូតដល់ ៥០.០០០ដុល្លារអារមេរិក។ ជាមួយនឹងអត្រាការប្រាក់ទាប និងលក្ខខណ្ឌល្អប្រសើរ ធនាគារ CIMB បានក្លាយជាធនាគារឈានមុខគេមួយ ផ្នែកឥណទានគេហដ្ឋាន ក្នុងទីផ្សារប្រទេសកម្ពុជា។

ទាក់ទិនកាឈ្នះពានរង្វាន់នៅពេលនេះលោក ប៊ុន យីន បានបញ្ជាក់ទៀតថា ដំណើរការរបស់ Asiamoney ក្នុងការជ្រើសរើស ធនាគារអន្តរជាតិល្អបំផុត នៅកម្ពុជា ត្រូវឆ្លងកាត់ការសិក្សា ទាំងបរិមាណវិស័យ និងគុណភាពវិស័យ ក្នុងរយៈពេលពេញ១ឆ្នាំ។ លើសពីនេះ ក៏មានការសិក្សាទៅលើពាក្យស្នើសុំ ពីគ្រប់ធនាគារ និងតាមរយៈកិច្ចសម្ភាសន៍ ពីអ្នកវិភាគឯករាជ្យ លើវិស័យធនាគារផងដែរ។ ជាលទ្ធផល ដោយផ្អែកលើសមិទ្ធផល និងចំណុចលេចធ្លោចម្បងៗរបស់ខ្លួន ធនាគារ CIMB ទទួលបានពានរង្វាន់ ដែលទទួលស្គាល់ជា អន្តរជាតិនេះ លើចំណោមធនាគារអន្តរជាតិ ដែលមានប្រតិបត្តិការនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាង៨ឆ្នាំ នៃការឈានចូលក្នុងទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ២០១០មក ធនាគារ CIMB ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប បានពង្រីកបណ្តាញសាខារហូតទៅដល់១៣សាខា ក្នុងនោះ៩សាខា នៅរាជធានីភ្នំពេញ និង ៤សាខាទៀត នៅតាមបណ្តាខេត្តសំខាន់ៗ។ អតិថិជនសរុបជាង២៦,០០០នាក់ បានផ្តល់ជូននូវសេវាកម្មនិងផលិតផលធនាគារយ៉ាងទូលំទូលាយរួមមានផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម រួមទាំងប្រតិបត្តិការ។

សូមបញ្ជាក់ថា Asiamoney បានវាយតម្លៃ និងផ្តល់ពានរង្វាន់ដល់ធនាគារចំនួន៣ទៀត លើចំណុចពិសេសផ្សេងៗគ្នា ក្នុងនោះ ធនាគារ ម៉ែលបេង ទទួលបានពានរង្វាន់ លើការងារសង្គមកិច្ច និង សមុស្សធម៌ ធនាគារសាធារណៈ ទទួលបានពាន ជាធនាគារក្នុងស្រុកល្អជាងគេ និងធនាគារ ABA ទទួលបានពានរង្វាន់ បច្ចេកវិទ្យា ឌីជីថល ល្អជាងគេផងដែរ៕