អារ៉ាប៊ី សាអូឌីត អាចនឹងទម្លាក់តម្លៃប្រេងឆៅលក់ឲ្យអាស៊ី នៅខែកុម្ភៈខាងមុខនេះ

03-01-2019 12:06pm

អារ៉ាប៊ី សាអូឌីតៈ ក្រុមអ្នកឆ្លើយឆ្លងព័ត៌មាន ពាក់ព័ន្ធនឹងការស្ទង់របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសនាំចេញប្រេងដ៏កំពូល អារ៉ាប៊ី សាអូឌីត រំពឹងថា នឹងទម្លាក់តម្លៃនាខែកុម្ភៈ ខាងមុខនេះ សម្រាប់ប្រេងឆៅដែលលក់ទៅឲ្យអាស៊ី ដោយសារតែកម្រិតប្រេងចុះខ្សោយជាងមុន។

ក្រុមអ្នកឆ្លើយឆ្លងព័ត៌មាន បានអះអាងថា កម្រិតចម្រាញ់ប្រេងចុះខ្សោយ និងការធ្លាក់ចុះតាមការគ្រោងទុកលើតម្រូវការប្រេងឆៅនៅអាស៊ី អំឡុងការថែទាំរោងចក្រចម្រាញ់ប្រេង បានក្លាយជាកត្តាសំខាន់ផងដែរ ញ៉ាំងឲ្យ អារ៉ាប៊ី សាអូឌីត ទម្លាក់តម្លៃប្រេងរបស់ខ្លួន។

យោងតាមការស្ទង់មតិ បានឲ្យដឹងថា តម្លៃលក់ផ្លូវការសម្រាប់ប្រេងឆៅកម្រិតមធ្យម និងកម្រិតធ្ងន់អារ៉ាប់ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៥០សេន ក្នុង១បារ៉ែល នៅក្នុងខែកុម្ភៈខាងមុខនេះ បើធៀបនឹងកាលពី១ខែមុន។

ក្រុមអ្នកឆ្លើយឆ្លងព័ត៌មាន ដែលរំពឹងថា នឹងមានការទម្លាក់តម្លៃ៥០សេននោះ បាននិយាយថា ប្រេងឆៅកម្រិតធ្ងន់អារ៉ាប់ លក់បានថ្លៃខ្លាំងណាស់ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ។

ខណៈនោះដែរ សហរដ្ឋអាមេរិក បានហក់ឡើងឈរពីលើរុស្ស៊ី និងអារ៉ាប៊ី សាអូឌីត ក្នុងនាមជាប្រទេសផលិតប្រេងច្រើនជាងគេបំផុតនៅលើពិភពលោក ពេលដែលពួកគេផលិតប្រេងឆៅ១១.៥៣៧លានបារ៉ែល ក្នុង១ថ្ងៃ កាលពីខែតុលាកន្លងទៅ៕