រឿង«ចិញ្ចៀន»ស្នាដៃដំបូងរបស់លោក ម៉េង ប៊ុនឡូ មានសុទ្ធតែតារាល្បីៗចូលរួម

03-01-2019 7:31am

ភ្នំពេញៈ កាលពីយប់មិញនេះ លោក ម៉េង ប៊ុនឡូ ដែលបងប្អូនស្គាល់ថា ជាតារាសម្តែង លោកបានរៀបចំដាក់សម្ពោធជាផ្លូវការនូវរឿងថ្មី ដែលលោកជាអ្នកនិពន្ធក្រោមចំណងជើងថា«ចិញ្ចៀន»។ ស្នាដៃផុសឡើងនេះ បានរៀបចំសហការថតជាមួយតារាស្រីល្បីឈ្មោះ២ដួងទៀត គឺអ្នកនាង ទូច ស្រីលក្ខណ៍ និងកញ្ញា ញឹម ចាន់ថន។

កម្មវិធីសម្ពោធរឿង «ចិញ្ចៀន» បានរៀបចំធ្វើឡើងនៅរោងភាពយន្តលេជេន អេដិន សាខាបឹងកក់ ក្រោមវត្តមានតារាល្បីៗបានមកចូលរួមលើកមុខមាត់កុនខ្មែរ ព្រមទាំងបណ្តាសារព័ត៌មានមួយចំនួន និងមហាជនសិល្បករថ្មីៗជាច្រើនដួងទៀត។ រឿង«ចិញ្ចៀន»ជារបស់ផលិតកម្មចក្កវាឡពេជ្រភាពយន្ត ដែលជាផលិតកម្មមួយមានស្នាដៃ និងបទពិសោធន៍ក្នុងភាពយន្តខ្មែរយូរឆ្នាំ។

លោកស្រី ថុង សៀវទៀង ចាងហ្វាងផលិតកម្មចក្កវាឡពេជ្រ បានឲ្យ​ដឹងថា លោកស្រី​សូមលើកទឹកចិត្តដល់ ម៉េង ប៊ុនឡូ ទូច ស្រីលក្ខណ៍ និង ញឹម ចាន់ថន ដែលតស៊ូខំពុះពារធ្វើការជាមួយកុនមួយរឿងនេះយូរថ្ងៃយូរខែអំណត់ណាស់។ ពេលខ្លះត្រូវរស់នៅលើភ្នំថតនៅតាមជ្រោះជ្រៅៗ ហេតុតែចង់បង្ហាញពីតំបន់ទេសចរណ៍របស់ខេត្តខ្មែរនេះជាទំពាំងស្នងឫស្សីថ្មីមួយ ដែលចាប់ដុះឡើង ហើយសូមប្រិយមិត្តទាំងអស់ជួយគាំទ្រលើកទឹកចិត្ត។

តារាសម្ដែងកញ្ញា ញឹម ចាន់ថន បានអះអាងថា ខ្លួនបានចំហមួយល្វែងលើ ដោយគ្មានប្រើបច្ចេកទេសបិតបាំង ដោយសារតែមិនចង់អោយផលិតករកាត់​ប្លង់នោះចោល បានស្ម័គ្រចិត្តថតក្នុងភាពយន្តនេះ ដោយហ៊ានថតស្រាតមួយកំណាត់លើមិនខ្មាសលោក ម៉េង ប៊ុនឡូ និងក្រុមការងារតែម្ដង ដោយសារតែកញ្ញា មិនចង់អោយលោក ម៉េង ប៊ុនឡូ ដែលអ្នកនិពន្ធកាត់ប្លង់ស៊ិចស៊ីនោះចោល។ យ៉ាងណាមិញ នាងថា នោះគឺដោយសារតែដើម្បីលោក ម៉េង ប៊ុនឡូ ប៉ុណ្ណោះ បើក្រៅពីលោក គឺទោះជាអោយថ្លៃនាងប៉ុន្មានក៏មិនទទួលថតដែរ។

លោក ម៉េង ប៊ុនឡូ បានអះអាងថា ក្នុងភាពយន្តលោកសម្រេចធ្វើឡើងដោយមានភាគហ៊ុន៣នាក់ គឺលោក៥០ភាគរយ កញ្ញា ញឹម ចាន់ថន ២៥ភាគរយ និងកញ្ញា ទូច ស្រីលក្ខណ៍ ២៥ភាគរយ ហើយផលិតកម្មចក្តវាឡពេជ្រ គឺជាអ្នកជ្រោមជ្រែងពីក្រោយ។ ក្នុងភាពយន្តរឿង«ចិញ្ចៀន»នេះ គឺមានរឿងរ៉ាវពាក់ព័ន្ធនឹងចិញ្ចៀនទាំងអស់ ដោយក្នុងរឿងទាំងមូលមានឈុតភ័យរន្ធត់ និងសំណើចពាក់កណ្ដាលស្មើគ្នា ហើយក្រៅពីនោះបង្ហាញពីក្បាច់គុនល្បុក្កតោ តំបន់ទេសចរណ៍ និងឈុតឆាកស្នេហារ៉ូម៉ាទិក។

ភាពយន្តនេះ ប្រកាសដាក់បញ្ចាំងផ្លូវការគ្រប់រោង នៅថ្ងៃទី៣ មករា ដើមឆ្នាំ ដោយអ្នកទិញសំបុត្រទស្សនា ក៏មានឱកាសឈ្នះរង្វាន់ចិញ្ចៀនពេជ្រតម្លៃ១៥០០ដុល្លារ ក្នុងការចាប់ឆ្នោតនៅពេលទម្លាក់រឿងផងដែរ៕