​ផឹកស៊ី​ឆ្លងឆ្នាំថ្មី ទាស់សម្ដី ទាញកាំបិតប៉័ងតោកាប់គ្នាមួយប្រាវ អ្នកឈ្នះដេកគុក  អ្នកចាញ់ដេកពេទ្យ

02-01-2019 11:10am

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំចាប់ខ្លួនភ្លាមៗ ក្រោយពីយកកាំបិតប៉័ងតោកាប់មិត្តភក្តិរួមតុផឹកស៊ី​ឆ្លងឆ្នាំសកល បណ្ដាលឲ្យ​រងរបួសស្ទើរស្លាប់ស្ទើរស់។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល​ នៅចំណុចតូបលក់ស្រា នៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ជួប វួច ភេទប្រុស អាយុ៣៨ឆ្នាំ រស់​នៅភូមិអណ្ដូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍ (របួសក្បាល១កន្លែង,ចុងមាត់ខាងស្ដាំ១កន្លែង, ភ្លៅខាងឆ្វេង១កន្លែង, កដៃស្ដាំ១កន្លែង កំពុងសម្រាកព្យាបាលរបួស។ ចំណែកជនដៃដល់ឈ្មោះ ស្រុង ស៊្រែ ភេទប្រុស អាយុ២៧ឆ្នាំ រស់​នៅភូមិ-ឃុំជាមួយគ្នា។

អាជ្ញាធរខេត្តកំពង់ធំ បានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យអង្គុយផឹកស្រានៅកន្លែងកើតហេតុ បន្ទាប់មកជនរងគ្រោះមកផឹកជាមួយ ហើយក៏បានទំនាស់ពាក្យសំដីគ្នាដោយសារតែស្រវឹងរៀងៗខ្លួន រហូតជនរងគ្រោះបានវាយជនសង្ស័យ១ដៃចំភ្នែកឆ្វេង ទើបជនសង្ស័យស្ទុះទៅយកកាំបិតកាប់សាច់(របស់អ្នកលក់)កាប់ទៅលើជនរងគ្រោះ បណ្ដាលអោយរបួសសុះសាច់តែម្ដង ។

ក្រោយកើតហេតុជនសង្ស័យបានដើរត្រឡប់ទៅផ្ទះធ្វើព្រងើយហាក់ដូចគ្មានរឿងអ្វីកើតឡើងសោះ លុះដល់ម៉ោង១០យប់ថ្ងៃដដែល ទើបសមត្ថកិច្ចតាមឃាត់បាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការសម្រេចតាមច្បាប់៕