កូនដេកពេទ្យ ឪដេកគុក! សង្ស័យខឹងរឿងកូនសុំលុយ ឪចុងចិត្តធម៌ និងបក្ខពួក ទាញកៅអីវាយកូនរយះក្បាល!

01-01-2019 2:19pm

ភ្នំពេញៈ លទ្ធផលចុងក្រោយ នៃអំពើហិង្សាក្នុងគ្រួសារមួយ គឺកូនចុងដេកពេទ្យ ខណៈឪចុង និងបក្ខពួក ត្រូវដេកគុក ដោយសារអ្នកទាំងពីរ ត្រូវសមត្ថកិច្ចប៉ូស្ដិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៨៖០០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នា២០១៨ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា (យកកៅអីវាយបណ្តាលឲ្យរបួស) នៅចំណុចក្នុងការ៉ាស់ជួសជុលរថយន្ត លើផ្លូវ២០០២ ស្ថិតភូមិផ្សាទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ រួមមាន ១.ឈ្មោះ ប៉ាង មុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងការ៉ាស់ជួសជុលរថយន្តកើតហេតុខាងលើ និង២.ឈ្មោះ ឡៃ វិឆ័យ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែក ជនរងគ្រោះមានឈ្មោះ ខុម សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងជួសជុលរថយន្ត និងត្រូវជាកូនចុងរបស់ជនសង្ស័យឈ្មោះ ឡៃ វិឆ័យ ស្នាក់នៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ បានរងរបួសក្បាលផ្នែកមុខ ចំហៀងខាងស្តាំ ប្រវែង៥សង់ទីម៉ែត្រ។ វត្ថុតាងសមត្ថកិច្ចចាប់យកមានកៅអីដែកមូលចំនួន១។

សមត្ថកិច្ចបញ្ជាក់ដំណើររឿងហេតុខាងលើថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានសុំលុយពីឪចុងចំនួន១០ដុល្លារ តែឪចុងមិនឲ្យ ទើបជនរងគ្រោះជិះម៉ូតូចេញពីការ៉ាស់ ទៅផ្ទះរបស់ខ្លួននៅសង្កាត់ស្ទឹងមានជ័យ រួចប្រាប់ម្តាយខ្លួនថា ឪពុកចុងរបស់ខ្លួនឲ្យយកលុយចំនួន៣០ដុល្លារ តែម្តាយមិនឲ្យលុយ ទើបជនរងគ្រោះជិះម៉ូតូមកការ៉ាស់ជួសជុលរថយន្តវិញ។ បានមួយសន្ទុះក្រោយមក ស្រាប់តែម្តាយរបស់ជនរងគ្រោះបានមកដល់ការ៉ាស់ជួសជុលរថយន្ត និយាយគ្នាទៅវិញទៅមក ស្រាប់តែឪចុងឈ្មោះ ឡៃ វិឆ័យ ស្ទុះទៅវាយជនរងគ្រោះ ហើយឈ្មោះ ប៉ាង មុំ ក៏ស្ទុះទៅវាយជនរងគ្រោះបន្ថែម ដោយឪចុងបានទៅយកកៅអីវាយជនរងគ្រោះចំក្បាលឲ្យរបួស។ ក្រោយមក កម្លាំងល្បាតប៉ុស្តិ៍ទឹកថ្លា បានល្បាតដល់ចំណុចកើតហេតុ ឃើញហេតុការណ៍ក៏បាននាំខ្លួនជនសង្ស័យទាំង២នាក់ មកធ្វើការសាកសួរនៅប៉ុស្តិ៍ទឹកថ្លាតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះជាកូន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយ៕