ប្រពន្ធ ដង្ហោយទាំងទឹកភ្នែក ប្រកាសរកប្ដី រត់ចេញពីមន្ទីរពេទ្យ ព្រោះដឹងថា ខ្លួនមានជំងឺមិនអាចព្យាបាលបាន និងមិនចង់នាំទុក្ខដល់គ្រួសារ

30-12-2018 10:54am

ភ្នំពេញៈ ហេតុការណ៍ដ៏​ក្ដុកក្ដួល ​ស្ទើរទប់ទឹកភ្នែកមិនបាន ខណៈគ្រួសារមួយដែលមានជីវភាពក្រីក្រ ​ហើយធ្លាក់ខ្លួនឈឺ លុះដឹងថា ជំងឹរបស់ខ្លួនមិនអាចព្យាបាលបាននោះ ធ្វើឲ្យបុរសម្នាក់ សម្រេចចិត្តលួចរត់ចេញពីមន្ទីរពេទ្យ បាត់ដំណឹងឈឹង​ មិនដឹងទៅណា​ ធ្វើឲ្យ​ក្រុមគ្រួសារ​ជាពិសេស​ប្រពន្ធនឹករលឹក​ប្ដី​ពន់ពេក រហូតស្រក់ទឹកភ្នែក។

ស្ត្រីជាប្រពន្ធឈ្មោះ​ ឆាំ​ សំអាត អាយុ៤០ឆ្នាំជាង មុខរបរ​ធ្វើការក្នុងអង្គការផ្ទះគ្រួសារ​ នៅសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ បានរៀបរាប់​ប្រាប់ភ្នាក់ងារ​ ខេមប៉ុស្តិ៍​ ថា​ ប្ដីរបស់គាត់មានឈ្មោះ លឹម  រ៉ាស៊ី អាយុ៤៣ឆ្នាំ​ សព្វថ្ងៃ​គាត់ និងប្ដី រស់នៅបន្ទប់ជួល​នៅម្ដុំក្នុងសង្កាត់​ក្បែរកន្លែងធ្វើការនោះ និងមានកូនតូចៗ៣នាក់ តែឲ្យស្នាក់នៅជាមួយជីដូននៅសង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ​។ លោកស្រីបន្តថា ប្ដីរបស់គាត់មានជំងឺមហារីកពោះវៀន​ធ្ងន់ធ្ងរ ស្ថិតក្នុងដំណាក់កាល​ទី៤​ ជាដំណាក់កាលចុងក្រោយ ដែលមិនអាចព្យាបាលបានទេ​ តែគ្រូពេទ្យប្រាប់គាត់ថា​ ជំងឺប្ដីរបស់គាត់មានតែលេបថ្នាំ​ពន្យារជីវិតប៉ុណ្ណោះ​ គឺត្រូវលេបថ្នាំ​ឲ្យបានទៀតទាត់ ក្នុងមួយថ្ងៃ៣ដង​។ លុះមុនថ្ងៃកើត​ហេតុ ប្ដីរបស់គាត់ត្រូវជំងឺត្រូវទុក្ខខ្លាំង ហើយនាំមកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ដោយបានចាក់ថ្នាំ និងដាក់​សេរ៉ូមបន្ថែមទៀត។

ស្ត្រីជាប្រពន្ធបន្តទៀតថា​ លុះមកដល់ម៉ោង១១៖៣០​នាទីថ្ងៃត្រង់​ ថ្ងៃទី២៩ ខែធ្នូនេះ ប្អូនប្រុសរបស់គាត់ ដែលនៅជួយ​មើលថែ​នៅមន្ទីរពេទ្យ​ បានទៅបន្ទប់ទឹកបត់ជើងមួយសន្ទុះ។ លុះត្រឡប់មកវិញ​ ស្រាប់តែបាត់ប្ដីរបស់គាត់​ ហើយឃើញ​សេរ៉ូមដោះទុកចោលលើគ្រែ​ បាត់ពីបន្ទប់ដោយយកទូរស័ព្ទ៣គ្រឿង និងលុយ៥ម៉ឺនរៀល​ ទៅជាមួយផងដែរ​។ បន្ទាប់មក ប្អូនប្រុសរបស់គាត់ ប្រញ៉ាប់ទាក់ទងតាមទូរស័ព្ទប្រាប់ឲ្យបានដឹងពីរឿងនេះ​ ហើយគាត់បាន​ព្យាយាម​ទាក់ទង​ទៅប្ដី  ទើបប្តីប្រាប់ថា “មិនបាច់មករកអញទេ អញកំពុងដើរមើលគេឯងនៅ​កោះពេជ្រ​... អញមិនឲ្យក្រុមគ្រួសារអញលំបាកនោះទេ កុំតេមកទៀតអី​...” និនាយតែប៉ុណ្ណឹង ប្ដីក៏ចុចបិទទូរស័ព្ទបាត់ទៅ ហើយទាក់ទងលែងបានតែម្ដង។

លុះមកដល់ម៉ោង៩យប់​ ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៨នេះ ក្នុងនាមជាប្រពន្ធ គាត់ចេញមកប្រកាសរកស្វាមីរបស់គាត់ ដែលបានលួចរត់ចេញពីមន្ទីរពេទ្យ បាត់ដំណឹងសូន្យឈឹង បន្ទាប់ពីប្ដីរបស់គាត់បានដឹងថា ជំងឺរបស់ខ្លួនមិនអាចព្យាបាលបាន ហើយមិនចង់ពិបាកដល់ក្រុមគ្រួសារ​នោះ​ ដែលធ្វើឲ្យគាត់មិនអាចដាច់ចិត្ត ទើបខំអំពាវនាវតាមរយៈបណ្ដាញសារព័ត៌មាន ​ខេមប៉ុស្តិ៍​ ថា ទោះបីជាអត់លទ្ធភាពយ៉ាងណា​ ក្នុងនាមជាប្ដីប្រពន្ធនឹងគ្នារាប់ឆ្នាំ​មកហើយ​ គាត់នៅតែព្យាយាមប្រកាសស្វែងរកស្វាមីរបស់គាត់ឲ្យឃើញដែរ។ ទោះជាត្រូវលក់ផ្ទះមើលជំងឺប្ដីក៏គាត់លក់ដែរ សូមឲ្យប្តីត្រឡប់មកវិញ។

ក្នុងនាមជាបណ្ដាញផ្សព្វ​ផ្សាយ អង្គភាព​សារព័ត៌មាន​ ខេមប៉ុស្តិ៍​ បានត្រឹមជួយផ្សព្វផ្សាយដំណឹងនេះ ជាសាធារណៈឲ្យបងប្អូន​បានដឹង​ប៉ុណ្ណោះ​ និងសូមអំពាវនាវដល់សប្បុរសជន ​មេត្តាជួយគាត់តាមសទ្ធាផងចុះ និងជួយ​ Share ចែករំលែកដំណឹងនេះបន្តផង! បើមានអ្នកណាបានឃើញ​បុរសមានភិនភាគដូចរូបថតខាងក្រោម សូមជួយទាក់ទងលេខទូរស័ព្ទ 081 49 41 87 ឬ 016 96 95 43 ដើម្បីប្រាប់ឲ្យប្រពន្ធគាត់បានដឹង ដោយក្ដីគោរព និងសូមអរគុណ!!!