(ខ្សឹប) ចង់នាំឡាន និងម៉ូតូទំនើបៗ គេចពន្ធចូលមកបានស្រួល ទាក់ទងលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង
ខ្សឹបៈ មន្ត្រីមានសមត្ថកិច្ចជាច្រើន ពិសេសមន្ត្រីគយ ដែលស្និទ្ធនឹងលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ដូចៗគ្នាថា នៅក្នុងអាណាចក្រខេត្តកោះកុង ជាប់នឹងប្រទេសថៃមួយនេះ បច្ចុប្បន្នឈ្មួញមួយចំនួន នៅតែនាំចូលម៉ូតូទំនើបៗ រថយន្តទំនើបៗ អត់ពន្ធ រួមទាំងទំនិញគេចពន្ធជាច្រើនប្រភេទទៀតផងដែរ ពីទឹកដីថៃ ចូលទឹកដីខ្មែរ យ៉ាងគគ្រឹកគគ្រេង ទាំងតាមទូកកាណូត និងតាមឡាននៅពេលយប់ ដោយសារតែឈ្មួញទាំងនោះ បានចរចាត្រូវរ៉ូវគ្នាជាមួយលោក សំ កុសល មេគយខេត្តរួចស្រេចទៅហើយ រហូតមានឈ្មួញខ្លះ បានទម្លាយថា "ចង់នាំឡាន និងម៉ូតូគេចពន្ធពីថៃ ចូលមកខ្មែរ បានស្រួល ត្រូវទាក់ទងលោក សំ កុសល មេគយខេត្តកោះកុង ជាមុនសិន"។
បើតាមប្រភពខាងលើ បានបន្តខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងទៀតថា ទំនិញគេចពន្ធទាំងនោះ ត្រូវឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិចាំយាម ច្រកស្រែអំបិល ច្រកប៉ាក់ខ្លង និងច្រកផ្សេងៗទៀត ដោយសារតែមានភ្លើងខៀវពីលោក សំ កុសល មេគយធំប្រចាំខេត្តកោះកុង រួមជាមួយបក្ខពួកនៅតាមច្រកទាំងនោះ ដោយឲ្យម្ចាស់ទំនិញបង់ពន្ធអាករចូលរដ្ឋត្រឹមតែ២៥ទៅ៣០ភាគរយប៉ុណ្ណោះ។ ក្រៅពីនេះ គឺមានការឃុបឃិត បែងចែកផលប្រយោជន៍គ្នា រវាងក្រុមឈ្មួញ និងលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្ត និងក្រុមឈ្មួញមានលុយមានអំណាច ហើយធ្វើឲ្យបាត់បង់ចំណូលរដ្ឋក្នុងមួយខែៗរាប់សែនដុល្លារឯណោះ។
ក្រុមមន្ត្រីខាងលើ នៅបានខ្សឹបឲ្យនាយ "ក្តាមប្រៃ" ដឹងទៀតថា ការដែលលោក សំ កុសល មេគយខេត្តកោះកុងរូបនេះ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនបែបនេះ គឺគាត់បានបំពានទៅលើវិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ ពោលគឺដោយសារលោក សំ កុសល អាងមានខ្នងបង្អែកដ៏រឹងមាំចាំជួយការពារ និងជួយដោះស្រាយគ្រប់ពេល។
បើតាមមន្ត្រីភ្នាក់ងារគយ ក្នុងខេត្តកោះកុង មួយចំនួនទៀត ក៏បានខ្សឹបមកប្រាប់នាយ "ក្តាមប្រៃ" ឲ្យដឹងដែរថា បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបណារបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏មកដល់ពេលនេះ ទាំងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាំគ្នាសម្ងំឈឹងហ្មង។ ដូច្នេះហើយ ទើបលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង កាន់តែមានអំណាចធំធេងក្នុងការប្រព្រឹត្តអំពើពុករលួយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីភ្នាក់ងារគយខេត្តកោះកុង បានឲ្យនាយ"ក្តាមប្រៃ" ដឹងបន្តទៀតថា មួយរយៈចុងក្រោយនេះ លោក សំ កុសល ប្រើតួនាទី និងអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង តាមរយៈការបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ កាន់តែច្រើនឡើងៗ តាមច្រកបាក់ខ្លង តាមទូក និងច្រករបៀងតូចៗជាច្រើនទៀតផងដែរ។ ជាពិសេសទំនិញគេចពន្ធ ដែលមេគយរូបនេះ ត្រូវប៉ាន់ជាងគេនោះ គឺឡានគេចពន្ធស៊េរីទំនើបៗ ម៉ូតូគេចពន្ធសេរីទំនើបៗ និងគ្រឿងបន្លាស់ជាដើម ដែលជាប្រភពចំណូលចូលហោប៉ៅលោក សំ កុសល យ៉ាងត្រជាក់មេជើងហ្មង។ ហើយរាល់ទំនិញគេចពន្ធទាំងនោះ ត្រូវលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ឃុបឃិតឲ្យឈ្មួញធំៗមួយចំនួន បង់ពន្ធតាមរបៀបម៉ៅការ ហើយឈ្មួញទាំងនោះ អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកតែម្តង។
ប្រភពដដែលបានខ្សឹបឲ្យនាយ "ក្តាមប្រៃ" ដឹងបន្ថែមទៀតថា លើសពីនេះទៅទៀត លោក សំ កុសល តែងតែប្រើប្រាស់ឈ្មោះមេគយធំៗមួយចំនួន នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបិទបាំងទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ខ្លួន ដោយគ្មានញញើតអ្វីទាំងអស់ ដើម្បីគំរាមមិនឲ្យមន្ត្រីគយ និងភ្នាក់ងារគយក្នុងខេត្តកោះកុង ធ្វើការតវ៉ា និងរាយការណ៍ពីសកម្មភាពពុករលួយ និងបក្ខពួកនិយមរបស់ខ្លួន។
ពាក់ពន្ធ័នឹងការលើកឡើង ក៏ដូចជាការចោទប្រកាន់មកលើលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុងរូបនេះ នាយ ក្តាមប្រៃ មិនធ្វើអត្ថាធិប្បាយអ្វីវែងឆ្ងាយនោះទេ។ ហើយជាមួយគ្នានេះ នាយក្តាមប្រៃយើង ចង់ដឹងព័ត៌មានបន្តិចបន្ទួចពីលោក សំ កុសល ដែរ តែដោយទូរស័ព្ទខលទៅហើយ គ្មានអ្នកទទួល។ តែទោះយ៉ាងណា នាយក្តាមប្រៃយើង រង់ចាំការបកស្រាយពីលោក សំ កុសល គ្រប់ពេលវេលា៕