កូនសិស្សលោក អេ ភូថង ត្រូវរថយន្ត Lexus 570 បុកឲ្យរបួសធ្ងន់ បែកប្លោកនោម កំពុងដង្ហើយរកជំនួយបន្ទាន់

27-12-2018 9:38am

ភ្នំពេញៈ បងប្អូនអ្នកតាមដានកីឡាប្រដាល់ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីវត្តមានកីឡាករដ៏ល្បីឈ្មោះម្នាក់ ដែលមានឈ្មោះ អេ រដ្ឋា ហើយ​ជាកូនសិស្សរបស់លោក​ អេ​ ភូថង​ ផងដែរ​ បានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវ​រថយន្ត LEXUS 570 ពណ៌​ស​ ដែលសាក្សីនៅកន្លែងកើត​ហេតុអះអាងថា ពាក់ស្លាកលេខភ្នំពេញ​ 2AU-5876 បន្ទាប់ពីបង្កហេតុ បានបើក​ចូលក្នុងបុរី​ ហាយតិច​ លុច្សសារី​ ផ្លូវជាតិលេខ១​ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ ចំណែក​ជនរងគ្រោះ​ រងរបួសយ៉ាងធ្ងន់ ពេលនេះលោកកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​វេលាម៉ោង៧៖៥៥នាទីយប់​ ថ្ងៃទី២៥ ខែធ្នូ ២០១៨ ​មុខច្រកចូលបុរី​ ហាយតិច​ លុច្សសារី​ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​។

បើតាមការសាកសួរព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ និងអ្នកនៅកន្លែងកើ​តហេតុ ពួកគាត់បាន​បញ្ជាក់ថា ជនរងគ្រោះ​ជិះម៉ូតូ Honda Dream ស៊េរីឆ្នាំ​២០១៩ ពាក់ស្លាកលេខភ្នំពេញ​ 1HH-7164 តែម្នាក់ឯង ធ្វើដំណើ​រតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើ​តទៅលិច ​លុះមកដល់ចំណុចមុខ​បុរី​ហាយតិច​លុច្សសារី​ ស្រាប់តែមានរថយន្ត LEXUS 570 បើ​កពីលិចទៅកើត​ ហើយបត់ឆ្លងផ្លូវចូលក្នុងបុរី ទើបធ្វើឲ្យជនរងគ្រោះជ្រុលទៅបុករថយន្ត ​ដែលកំពុងបើ​កឆ្លងនោះ​ ចំទ្វារ​ខាងស្ដាំ​ តែមិនដឹងថា ​ទ្វារ​មុខឬក្រោយនោះទេ​ ព្រោះភ្លាមៗនោះ​ អ្នកបើ​កបរ​បានឈប់មុខបុរី​មួយភ្លែត ​ហើយហៅ​សន្តិសុខ​យាមមុខបុរីឲ្យ​មកនិយាយជាមួយ​ រួចក៏បើ​កចូលទៅក្នុងបុរីតែម្ដង​ (ចំណែកម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ) រីឯ​ជនរងគ្រោះ​បានរងរបួស​ បែកប្លោកនោម​ ហើយ​បែកញើស​ជោគ​ ទើ​បមួយសន្ទុះក្រោយមក​ ក៏​មានរថយន្ត​គ្លីនិក​ឯកជន​ ហុង​ ហាក់​ បានមកដឹកយកទៅសង្គ្រោះ​ តែដោយសារតែ​ស្ថានភាពរបួសធ្ងន់ធ្ងរពេក​ ក៏បញ្ជូនទៅសង្គ្រោះបន្តនៅឯមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ​។

ក្រោយរថយន្តសង្គ្រោះចេញទៅ​ ទើបឃើញមាន​បុរស៣នាក់​ បានជិះឌុបគ្នាមកដល់កន្លែងកើតហេតុ និងឃើ​ញមានម្ដាយជនរងគ្រោះ មកដល់កន្លែងកើតហេតុដែរ​ រួចប្រាប់ថា ជនរងគ្រោះឈ្មោះ​ អេ​ រដ្ឋា​ ជាកីឡាករប្រដាល់​ និងជាកូនសិស្សលោក​ អេ​ ភូថង​ ទើបផ្ដល់ដំណឹងនេះទៅ​លោក​ ជួប​ ប៊ុនរឿន​ ដែលជាមិត្តភក្តិ​ជិតស្និទ្ធ ​នឹងលោក​ អេ​ ភូថង​ បានដឹង។

បន្ទាប់មក​អ្នកយកព័ត៌មាន​ បានសួរសមត្ថកិច្ច ហើយ​សមត្ថកិច្ចប្រាប់​ថា​ ពួកគាត់មកមិនទាន់ហេតុការណ៍ទេ​ ហើ​យគ្រាន់តែលឺគេប្រាប់​ ដូច្នេះកុំទាន់ចេញផ្សាយ បើ​សិនជាខុស​ នាំមានបញ្ហាវែងឆ្ងាយ តែទោះជាយ៉ាងណា បើ​សិនជាការផ្សាយ​ខុស​ម្ចាស់រថយន្ត ដែលមានស្លាកលេខនេះ សូមកុំ​ប្រកាន់អី​ ដោយក្ដីអនុគ្រោះ នេះអ្នកយកព័ត៌មានគ្រាន់តែ​​ទទួលបានពីសាក្សីនៅកន្លែងកើតហេតុ បានអះអាងថា ជារថយន្ត LEXUS 570 ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AU-5876 ក្រោយបង្កហេតុ បើកចូលទៅក្នុងបុរី​បាត់ឈឹង។

ក្រោយកើតហេតុ​សមត្ថកិច្ចមូលដ្ឋាន និង​សមត្ថកិច្ចផ្នែកចរាចរណ៍​នៃអធិការនគរបាលខណ្ឌច្បារអំពៅ​ បានធ្វើការ​វាស់វែង​ រួចលើ​កម៉ូតូឡើ​ងរថយន្តដឹកយក​ទៅ​រក្សាទុក​នៅខណ្ឌច្បារអំពៅ ដើ​ម្បីស្រាវជ្រាវ​ រករថយន្តបង្កយកមកធ្វើ​ការដោះស្រាយ​ ប៉ុន្តែរហូតមកដល់ពេលនេះ ពោលគឺ២ថ្ងៃហើយ នៅមិនទាន់ដឹងថា​ សមត្ថកិច្ចបានរករថយន្តបង្កខាងលើឃើញឬយ៉ាងណានោះទេ៕